ក្រុមមន្រ្តីថៃ៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ត្រូវតែពន្យារពេលជាថ្មីរហូតដល់ខែមីនាខាងមុខ
ថៃ៖ សារព័ត៌មាន Channel News Asia របស់សង្ហិបុរី បានចុះផ្សាយថា មន្ត្រីថៃពីររូបមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអង្គារ៍នេះបានបញ្ជាក់ថា ការបោះឆ្នោតសកលដើម្បីបិទបញ្ចប់ការដឹកនាំដោយរបបយោធា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ អាចនឹងត្រូវពន្យារពេលរហូតដល់ខែមីនាខាងមុខ។
យ៉ាងណាមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ មិនទាន់ធ្វើសេចក្ដីប្រកាសជាផ្លូវការណាមួយ ពីការពន្យារពេលការរៀបចំការបោះឆ្នោតនោះទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ពីររូបខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ថ្ងៃទី២៤ ខែកុម្ភៈ មិនអាចជាថ្ងៃរៀបចំការបោះឆ្នោតឡើយ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានពេលវេលាគ្រប់គ្រាន់។ ដូច្នេះកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនេះ អាចមានពីរជម្រើសគឺថ្ងៃទី១០ ឬថ្ងៃទី២៤ ខែមីនាខាងមុខនេះ។
សូមជម្រាបផងដែរថា របបយោធាថៃដែលបានដឹកនាំប្រទេសអស់ពេលជិត៥ឆ្នាំមកនេះ បានធ្វើការពន្យារពេលការបោះឆ្នោតជាបន្តបន្ទាប់ បើទោះជាមានការរិះគន់ពីសំណាក់ក្រុមសកម្មជនសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិក៏ដោយ៕