អ្នកចាត់ការក្លិបវិសាខា សំណូមពរឲ្យសហព័ន្ធបាល់ទាត់កម្ពុជា បង្កើតច្បាប់ការដោះដូរកីឡាករ និងបន្ថែមអត្ថប្រយោជន៍ជូនក្លិប និងកីឡាករ

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធបាល់ទាត់កម្ពុជា គ្រោងនឹងរៀបចំបង្កើតច្បាប់ថ្មីបន្ថែមទៀត ស្តីពីការគ្រប់គ្រងការផ្ទេរកីឡាករក្នុងស្រុក នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធនាពេលខាងមុខនេះ ដើម្បីបញ្ជៀសរាល់ការវិវាទជុំវិញការដោះដូរកីឡាករពីក្លិបមួយទៅក្លិបមួយទៀត។

ក្នុងលក្ខន្តិកៈពង្រាងច្បាប់ថ្មីនេះ ត្រូវបានគេមើលឃើញថា រាល់ការផ្ទេរចេញពីក្លិបដើមទៅកាន់ក្លិបថ្មី គឺទទួលបានផលចំណេញត្រឹមតែក្លិបដើមប៉ុណ្ណោះ រីឯកីឡាករទទួលបានត្រឹមតែប្រាក់ខែដែលក្លិបថ្មីផ្តល់ជូន តែពុំទាន់មានតម្លៃខ្លួនដែលទទួលបានពីការដោះដូពីក្លិបនោះទេ។ នេះបើយោងតាមការបញ្ជាក់ ពីអ្នកចាត់ការទូទៅក្លិបវិសាខា លោក ហុក សុចិត្រា ថ្លែងបង្ហើបឲ្យដឹងក្នុងសន្និសិទសារព័ត៌មានកាលពីពេលថ្មីៗនេះ។

អ្នកចាត់ការទូទៅក្លិបវិសាខារូបនេះ បានសូមណូមពរបន្ថែមដល់សហព័ន្ធបាល់ទាត់កម្ពុជា គួបន្ថែមមួយចំណុចទៀតនៅក្នុងពង្រាងច្បាប់ថ្មីដែលសហព័ន្ធគ្រោងនឹងបង្កើតចេញជារូបរាងនៅពេលខាងមុខនេះ គឺរាល់ការផ្ទេរ ឬដោះដូកីឡាករទៅក្លិបថ្មីកីឡាករត្រូវទទួលបានតម្លៃខ្លួន។ លោកអះអាងថា ការជំរុញលើកទឹកចិត្តដល់ពួកគេដូចនេះ វានិងធ្វើឲ្យបាល់ទាត់កាន់តែរីកចម្រើន ព្រោះការខិតខំប្រឹងប្រែងវាកើតចេញពីកីឡាករដោយខ្លួនឯង ដោយមិនស្ថិតនៅពេលហ្វឹកហាត់ជាមួយក្លិបតែ២ទៅ៣ម៉ោងនោះទេ។

សូមបញ្ជាក់ថា លក្ខនិ្តកៈច្បាប់ថ្មីស្តីពីការគ្រប់គ្រងការផ្ទេរ ដែលសហព័ន្ធបាល់ទាត់កម្ពុជាគ្រោងបង្កើតឡើង នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធនៅឆ្នាំ២០១៩ខាងមុខនេះ។ ច្បាប់ពង្រាងថ្មីនេះបានចងក្រងបង្កើតឡើង ក្រោយពីជម្លោះកើតឡើងរវាងក្លិបភ្នំពេញក្រោន និងក្លិបវិសាខា ជុំវិញការផ្ទេរចេញរបស់កីឡាករថ្នាលពីក្លិបភ្នំពេញក្រោន ទៅក្លឹបវិសាខា កាលពីពេលថ្មីនេះ។ គួររំលឹកថា កីឡាករយុវជនថ្នាល់ដែលផ្ទេរចេញពីក្លិបភ្នំពេញក្រោន ទៅក្លិបវិសាខានោះមាន កីឡាករ អ៊ុក សុវណ្ណ, អ៊ិន សូដាវីត, ស៊ិន កក្កដា, គីមឆាយ៉ា និងកែន ច័ន្ទសុភ័ក្រ្ត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner