នគរបាលខណ្ឌឬស្សីកែវចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន២នាក់ ដកហូតបានថ្នាំញៀន និងសម្ភារពាក់ព័ន្ធសកម្មភាពមួយចំនួនទៀត នៅក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្ដែង២គោលដៅ និង២ករណីផ្សេងគ្នា ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក និងមួយទីតាំងទៀតស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ តាំងពីរសៀលដល់យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
ជនសង្ស័យឃាត់ខ្លួនក្នុងសកម្មភាពជួញដូរថ្នាំញៀនឈ្មោះ ហេង ចាន់ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ២១៣ជ ផ្លូវបេតុង ក្រុមទី០៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឬស្សីកែវ។ ការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ប្រាក់ចំនួន ៤,៥០០រៀល ទូរស័ព្ទដៃ១គ្រឿង។
ចំណែកជនសង្ស័យឃាត់ខ្លួនក្នុងសកម្មភាពប្រើប្រាស់គ្រឿងញៀនឈ្មោះ ឌឿ ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ការបង្ក្រាបនេះ ដកហូតបានឧបករសម្រាប់ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង២ រួមជាមួយនឹងវត្ថុតាង ត្រូវបាននាំមកសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕