បុគ្គលិកទាំងអស់នៅទីស្នាក់ការ CNN ចាប់ផ្តើមចូលបម្រើការវិញ ខណៈព័ត៌មានដាក់បង្កៃគ្រាប់បែកគឺជារឿងបោកប្រាស់
អត្ថបទដោយ៖
ហេង វណ្ណា
សហរដ្ឋអាម៉េរិក៖ ស្ថានការណ៍បានវិលទៅរកភាពប្រក្រតីវិញហើយ បន្ទាប់ពីប៉ូលិសអាម៉េរិក និងស្ថានីយទូរទស្សន៍ CNN ផ្ទាល់ បានអនុញ្ញាតឲ្យបុគ្គលិកដែលត្រូវជម្លៀសខ្លួនដោយសារតែមានការហៅទូរសព្ទគំរាមពីការបង្កៃគ្រាប់បែក ឲ្យត្រឡប់ចូលធ្វើការងារជាធម្មតាវិញ។ អាជ្ញាធរអាម៉េរិកបានអះអាងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅពេលដែលមានបុគ្គលម្នាក់បានហៅទូរសព្ទមកអះអាងថា មានគ្រឿងផ្ទុះចំនួន៥បង្កៃនៅក្នុងអគារទីស្នាក់របស់ស្ថានីយទូរទស្សន៍ CNN ប្រចាំទីក្រុងញ៉ូវយ៉ក។ ប៉ុន្តែបើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ CNN នោះ បន្ទាប់ពីការត្រួតពិនិត្យឆែកឆេរដើម្បីរុករកវត្ថុសង្ស័យ ទីបំផុតកម្លាំងប៉ូលិសទីក្រុងញ៉ូវយ៉ក បានបញ្ជាក់ថា អគារទីស្នាក់ការរបស់ CNN មិនមានគ្រឿងផ្ទុះអ្វីឡើយ ហើយអ្នករាល់គ្នាអាចវិលត្រឡប់មកចូលធ្វើការងារដូចធម្មតាវិញបាន៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។