ព្រះចៅអធិការវត្តគិរីស្តេចគង់ កេណ្ឌប្រជាពលរដ្ឋឲ្យរារាំងជាលើកទី៣ មិនឲ្យក្រុមការងារយកសិលាចារឹកបុរាណមួយផ្ទាំងដែលទុកនៅវត្តគិរីស្តេចគង់ទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ
កំពង់ស្ពឺ៖ យោងតាមលិខិតប្រគេនជូនរបស់សម្តេចព្រះសង្សនាយក នន់ ង៉ែត បានចម្រើនពរជូនចំពោះព្រះចៅអធិការវត្តគិរីស្តេចគង ក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំយកសិលាចារឹកចំនួន១ផ្ទាំងមកថែក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ ទុកជាបេតិកភណ្ឌជាតិ។ តាមការឲ្យដឹងពីលោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌបានឲ្យដឹងថា សិលាចារឹកមួយផ្ទាំងដែលរកឃើញក្នុងវត្តគិរីស្តេចគង់ ដោយចារឹកអក្សមួយឃ្លាថា (សុវណ្ណភូមិ) ដែលមានតម្លៃដ៏មហាសាល និងជាសម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃសម្រាប់ការស្រាវជ្រាវជាប្រវត្តិសាស្រ្តសម្រាប់ជាតិទាំងមូល។
លោកបន្តថា នេះជាលើកទី៣ហើយ ដែលក្រុមការងារបានចុះមកដកហូតយកផ្ទាំងសិលាដ៏កម្រនេះ ប៉ុន្តែព្រះចៅអធិការវត្តគិរីស្តេចគង់ បានកែនបងប្អូនប្រជាពលរដ្ឋមករារាំងមិនឲ្យក្រុមការងារនាំយកវត្ថុមានតម្លៃនេះទៅរក្សាទុកក្នុងសារមន្ទីរជាតិបានឡើយ។ តែនៅថ្ងៃនេះកម្លាំងចម្រុះបានឆែកឆេររកវត្ថុមានតម្លៃរបស់ជាតិខ្មែរនេះមិនឃើញ ដោយត្រូវព្រះចៅអធិការរំដោះចេញពីកន្លែងរក្សាទុកទៅបាត់ ហើយព្រះចៅអធិការអង្គនោះបានរត់គេចព្រះកាយដោយមិនព្រមប្រគល់ផ្ទាំងសិលានោះមកសមត្ថកិច្ចដាច់ខាត។
បើយើងសម្លឹងទៅមើលលោកយាយ លោកតាដែលរស់នៅក្បែរៗវត្ត បានមកតវ៉ាជាមួយសមត្ថកិច្ចហាក់បីដូចជាមានការចាត់តាំងច្បាស់លាស់ពីព្រះចៅអធិការវត្ត ដោយបានទូងស្គរប្រកូកប្រកាសដើម្បីតវ៉ាមិនព្រមប្រគល់វត្ថុមានតម្លៃដាក់ក្នុងសារមន្ទីរជាតិ។
លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានមានពន្យល់ដល់ប្រជាពលរដ្ឋដែលមកតវ៉ានោះថា សិលាចារឹកដ៏មានតម្លៃសម្រាប់ជាតិមួយផ្ទាំងនេះ ចាំបាច់ត្រូវការថែរក្សាពីមន្ត្រីជំនាញបេតិកភណ្ឌ និងមានកន្លែងទុកដាក់ថែទាំត្រឹមត្រូវ ពីសារមន្ទីរជាតិ មិនអាចអាចធ្វេសប្រហែសបាននោះ នេះជាសម្បត្តិវប្បធម៌ជាតិដ៏កម្រ និងមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ លោកសង្កត់ធ្ងន់ថា បើផ្ទាំងសិលាដ៏មានតម្លៃនេះពិតជាបានបាត់ អ្នកទទួលខុសត្រូវ និងទទួលទោសតាមច្បាប់កំណត់ ពីព្រោះវត្ថុដ៏មានតម្លៃមហាសាលនេះ ត្រូវការចាំបាច់ថែរក្សាកូនខ្មែរជំនាន់ក្រោយបានស្វែងយល់៕