ក្រុមហ៊ុនជេតគ្រុប គ្រោងចាយខ្ទង់ម៉ឺនដុល្លារសម្រាប់រៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ និងសកលជើងឯកថ្នាក់ជាតិឆ្នាំ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

អគ្គនាយក្រុមហ៊ុនជេតគ្រុប ប្រកាសថានឹងចាយថវិកាប្រមាណជា៤ម៉ឺនដុល្លារអាម៉េរិកសម្រាប់ទ្រទ្រង់ដល់ការរៀបចំប្រដាល់គុនខ្មែរ និងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នៅលើតំបន់អភិវឌ្ឍន៍ 7 N G។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក្រុមហ៊ុនជេតគ្រុប បានប្រកាស នៅក្នុងសន្និសិទសារព័ត៌ មានស្តីពីការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកលថ្នាក់ជាតិឆ្នាំ២០១៨ នារសៀល ថ្ងៃទី៥ ខែធ្នូម្សិលមិញថា ក្រុមហ៊ុនជេតគ្រុប គ្រោងចំណាយថវិកាចំនួន៤ម៉ឺនដុល្លារ ក្នុងការទ្រទ្រង់លើការរៀបចំរយៈពេល៦ថ្ងៃ ទីតាំងប្រកួត សន្តិសុខការពារសុវត្ថិភាពដល់កីឡាករការិនី និងប្រតិភូ លើការហូបចុកស្នាក់នៅ និងទឹកភ្លើងជាដើម នៅលើទឹកដីតំបន់អភិវឌ្ឍន៍ 7NG ។

លោកឧកញ៉ា បន្ថែមថា ការដែលក្រុមហ៊ុនជេតគ្រុប ឧបត្ថម្ភដល់ព្រឹត្តិការណ៍មួយនេះ ជាបន្តបន្ទាប់ ក៏ព្រោះតែក្រុមហ៊ុនចង់រួមចំណែកជួយលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ដើម្បីស្វែងរក កីឡាករការិនីល្អៗ ដែលមានសមត្ថភាពពិតៗ ឆ្ពោះទៅប្រជែងដណ្តើមមេដាយជូនប្រទេសកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្តែងនូវការថ្លែងអំណរគុណដល់ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតគ្រុប ដែលបានចូលរួមឧបត្ថម្ភដល់ការហូបចុកស្នាក់នៅរបស់កីឡាករការិនីអំឡុងពេលប្រកួត។ ឯកឧត្តម បានចាត់ទុកការចូលរួមចំណែកដ៏ធំនេះ នឹងរួមចំណែកជំរុញអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែមានសក្តានុពលឆ្ពោះទៅរកការប្រកួតប្រជែងដោយគុណភាព។ ការជួយជ្រោមជ្រែងនេះ វាបានជួយដល់សហព័ន្ធ ក្នុងការចម្រាញ់រកធនធាន ដែលមានទេពកោសល្យ ត្រៀមប្រកួតលើឆាកអន្តរជាតិ នាំយកមេដាយមកជូនកម្ពុជា នៅពេលខាងមុខជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរ និងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ និងចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះសម្រាប់ប្រដាល់គុនខ្មែរប្រតិភូចូលរួមមកពី១៤រាជធានីខេត្ត និងបណ្តាក្រសួងមួយចំនួន សរុបកីឡាករការិនី៩៦នាក់។ រីឯប្រដាល់សកលមានកីឡាករការិនីចូលរួមសរុប៦០នាក់។ សម្រាប់ប្រភេទទម្ងន់ប្រកួតរបស់កីឡាករការិនីប្រដាល់គុនខ្មែរ និងប្រដាល់សកលមានចាប់ពីទម្ងន់ ៤៥ដល់ ៧១គីឡូក្រាម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner