ក្លិបយោធភូមិភាគពិសេស ឈ្នះមេដាយមាស២វិញ្ញាសារក្នុងចំណោម៣វិញ្ញាសារ ជើងឯកថ្នាក់ជាតិកីឡាប៉េតង់ ឆ្នាំ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបកីឡាយោធភូមិភាគពិសេសបុរស-នារី បានយកឈ្នះមេដាយមាសចំនួន២វិញ្ញាសារ ក្នុងចំណោម៣វិញ្ញាសារនៃព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ដែលបានបញ្ចប់ ដោយជោគជ័យកាលពីល្ងាចម្សិលមិញ នៅទីលានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានៃពហុកីឡដ្ឋានជាតិ។

លោក ឯម ហៀង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឲ្យដឹងថា ក្លិបយោធភូមិភាគពិសេស ដែលឈ្នះមេដាយមាសទាំងពីរវិញ្ញាសារនោះ រួមមានវិញ្ញាសារ ៣នាក់ទល់៣នាក់ នារី និងវិញ្ញាសារ ៣នាក់ទល់៣នាក់ផ្នែកបុរស ក្របខណ្ឌក១ ខណៈ១វិញ្ញាសារផ្សេងទៀត ៣នាក់ទល់៣នាក់ បុរសក្របខណ្ឌក២ ដណ្តើមបានចំណាត់ថ្នាក់លេខ១ មេដាយមាស ដោយក្លិបក្រសួងមហាផ្ទៃ ហើយក៏មានចំណាត់ថ្នាក់លេខ២ ដល់លេខ៤លើវិញ្ញសារទាំងបីនេះដូចគ្នាផងដែរ។

លោកបញ្ជាក់ថា ជើងឯកថ្នាក់ជាតិកីឡាប៉េតង់ឆ្នំា២០១៨នេះ មានប្រតិភូ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៩៥នាក់ ដែលមាន៤៤ក្រុម ហើយឆ្លងកាត់ការប្រកួតយ៉ាង ស្វិតស្វាញអស់រយៈពេល៣ថ្ងៃ លោកបានអះអាងថា គ្រប់សមាសភាពចូលរួមសុទ្ធតែឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ ខិតខំអស់ពីសមត្ថភាព បច្ចេកទេស សាមគ្គីភាព ព្រមទាំងអនុវត្តតាមគោលការណ៍លេងដោយយុត្តិធម៌ជាមួយនឹងលទ្ធផលបច្ចេកទេសកាន់តែរីកចម្រើនគួរឲ្យកាត់សម្គាល់។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្លិបកីឡាករ កីឡាការិនីទាំងអស់ ដែលខិតខំអស់ពីសមត្ថភាព តាំងពីវគ្គជម្រុះរហូតដល់ ដណ្តើមបានជ័យលាភី។ ជាមួយនឹងការខិតខំរួមគ្នានេះ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា វិស័យកីឡាប៉េតង់ កម្ពុជានៅតែរក្សាភាពខ្លាំងរបស់ខ្លួន និងជាប្រភេទកីឡាដ៏មានសក្តានុពលខ្ពស់នៅក្នុងកម្រិតពិភពលោកដដែល។

ឯកឧត្តមបានលើកទឹកចិត្តឲ្យគ្រប់ក្លិប កីឡាករ កីឡាការិនី ក៏ដូចជាសហព័ន្ធកីឡាជាតិមួយនេះ គប្បីត្រូវបន្តនូវការប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត សម្រាប់គោលដៅរយៈពេលខ្លី និងពេលវែង ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែល្អប្រសើរ សម្រាប់ស៊ីហ្គេមជាបន្តបន្ទាប់ និងស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner