អាជ្ញាធរក្រុងសៀមរាប រុះរើតូបសង់លើដីចំណីផ្លូវ
កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ មានការប្រទាញប្រទង់គ្នារវាងម្ចាស់ដីតូប និងគណៈកម្មការចម្រុះក្រុងសៀមរាប ក្នុងការអនុវត្តសេចក្តីណែនាំរបស់ខេត្ត ក្នុងការរុះរើសំណង់តូបលក់ដូរនៅលើដីចំណីផ្លូវចំនួន២កន្លែង ស្ថិតនៅតាមផ្លូវវាងក្រុង ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ វ៉េង ហ៊ាង ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុន ប៊ុនធី មានទីលំនៅភូមិជាមួយគ្នា ដើមី្បសុំរុះរើសំណង់ទាំងពីរចេញពី ដីចំណីផ្លូវ ដែលនៅមុខដីរបស់ខ្លួន។ ក្នុងការចុះអនុវត្តរុះរើសំណង់តូបទាំងពីរនេះ ក្រោមកិច្ចដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប រួមទាំងមេធាវីចុងបណ្តឹងចូលរួមផងដែរ។
ដោយយោងតាមការសន្និដ្ឋានរបស់សាលាដំបូងខេត្តសៀមរាប ក្នុងការចេញសាលក្រម ដោយបានបញ្ជាក់ ទៅលើការលើកបណ្តឹងរឿងរដ្ឋប្បវេណីលេខ៥៣៥ ចុះថ្ងៃទី១៩ ធ្នូឆ្នាំ២០១៣ ចោល ដោយសាលក្រមដោយមិនឆ្លងកាត់ការទាញហេតុផលផ្ទាល់មាត់ ដោយខ្វះលក្ខខណ្ឌបណ្តឹង ស្របតាមមាត្រា៣២ និងស្របតាមមាត្រា៨១ នៃក្រមនីតិវិធីរដ្ឋប្បវេណី នៅក្នុងសេចក្តីសម្រេចបញ្ចប់ ដោយលើកចោលនូវបណ្តឹងរឿងរដ្ឋប្បវេណីលេខ៥៣៥ ចុះថ្ងៃទី១៩ ធ្នូឆ្នាំ២០១៣ នៃសាលក្រមលេខ១៣(ណ) ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។
ក្នុងសកម្មភាពប្រតិបត្តិការរុះរើនោះដែរ មានលេចចេញនូវភាពជំទាស់ពីម្ចាស់ដីតូបជាមួយកម្លាំងចុះប្រតិបត្តិការក្នុងការរុះរើ ដោយមានការប្រមាថនូវពាក្យសំដីធ្ងន់ៗនឹងគ្នា។ តែក្នុងនោះដែរ មន្ត្រីនៃគណៈកម្មការចម្រុះក្រុង ក៏មានប្រើនូវពាក្យសំដីគំរោះគំរើយ និងធ្វើការប្រមាថដល់ប្រជាពលរដ្ឋជាម្ចាស់ដី ដែលនឹងធ្វើឲ្យមានកើតនូវអំពើហិង្សានៅពេលនោះផងដែរ។
មានប្រសាសន៍បញ្ជាក់ដល់អ្នកសារព័ត៌មាននាឱកាសនោះ លោក នួន ពុទ្ធារ៉ា ក៏បានឲ្យដឹងផងដែរថា បញ្ហាការប្តឹងផ្តល់ចំពោះសំណង់តូបសាងសង់លើដីចំណីផ្លូវនេះ គឺកើតឡើងចាប់ពីឆ្នាំ២០១៣មកម្ល៉េះ ហើយពីអាណត្តិអភិបាលខេត្តមួយទៅអភិបាលខេត្តមួយ ក៏ដូចពីអាណត្តិអភិបាលក្រុងមួយ ទៅអភិបាលក្រុងមួយ នៅមិនទាន់បានធ្វើការដោះស្រាយចេញឡើយ។
ម៉្យាងទៀតមុនការរុះរើក៏បានធ្វើសេចក្តីជូនដំណឹងដល់ម្ចាស់ដីសំណង់តូបទាំងពីរឲ្យធ្វើការរុះរើ ព្រមទាំងបានធ្វើការណែនាំផងដែរ។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរខេត្ត ក្រុង ដើមី្បបញ្ចប់ទំនាស់ ក៏ដូចជាការទប់ស្កាត់រាលការរំលោភយកដីចំណីផ្លូវសាធារណៈមកបម្រើផលប្រយោជន៍ឯកជន ហើយការអនុវត្តលើជនដែលមិនស្តាប់តាមការណែនាំពីអាជ្ញាធរមានសមត្ថកិច្ចនោះ អាជ្ញាធរខេត្តឯកភាពតាមគោលការណ៍ឲ្យសាលាក្រុង ចាត់នូវវិធានការរុះរើតូបរបស់លោក វ៉េង ហ៊ាង ដែលបានសាងសង់រំលោភលើដីចំណីផ្លូវ និងប៉ះពាល់ដល់ក្បាលដីអ្នកដទៃទៅតាមវិធានការច្បាប់។
លោក នួន ពុទ្ធារ៉ា បានបន្តទៀតថា ការរុះរើតូបនៅលើចំណីផ្លូវនេះ មិនបានបម្រើដល់ផលប្រយោជន៍បុគ្គលណាម្នាក់ឡើង គឺបម្រើជាសម្បត្តិសាធារណៈ ហើយក៏មិនបានតែរុះរើតូបចំនួនពីរនេះទេ គឺបន្តធ្វើការរុះរើជាជំហានៗ ទៅតាមសេចក្តីជូនដំណឹងរបស់សាលាក្រុង ហើយក៏យើងមិនអាចអភិវឌ្ឍន៍បានក្នុងពេលតែមួយនោះឡើយ។
លោកបានបន្តទៀតថា ថ្ងៃនេះអាជ្ញាធរក្រុង ត្រូវធ្វើការអនុវត្តឲ្យខាងតែបាន ដើមី្បបន្តអនុវត្តចំពោះតូប និងលំនៅដ្ឋានណាដែលបានសង់បំពានរំលោភមកលើដីសាធារណៈ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពក្នុងក្រុងប្រវត្តិសាស្ត្រទេសចរណ៍មួយនេះឲ្យកាន់តែមានភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
ក្នុងនោះលោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុង ក្រុងសៀមរាប គ្រប់ស្រទាប់វណ្ណៈ មុននឹងធ្វើការសាងសង់សំណង់អ្វីមួយ គឺត្រូវធ្វើការសុំច្បាប់អនុញ្ញាត ពីអាជ្ញាធរជំនាញ គ្រប់លំដាប់ថ្នាក់ ដើមី្បជៀសវាងនូវរាល់ការខាតបង់ទ្រព្យសម្បត្តិរបស់ខ្លួន៕
ដោយៈ ម៉ី សុខារិទ្ធ