សហរដ្ឋអាមេរិកចង់បានចំណាត់ការរឹងមំាពីចិនក្នុងរយៈពេល៩០ថ្ងៃ ខណៈមេដឹកនំាទំាងពីរព្រមព្រៀងផ្អាកការតម្លើងពន្ធ ដើម្បីទុកពេលចរចាគ្នា

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារ៍នេះ បានលើកឡើងថា ខ្លួនត្រូវការអ្វីមួយមាំទាំមកពីចិននៅក្នុងរយៈពេល៩០ថ្ងៃ ដើម្បីស្ថាបនាកិច្ចព្រមព្រៀងជាក់លាក់មួយអំពីពាណិជ្ជកម្ម ។ ការទាមទារនេះ កើតឡើងពីរថ្ងៃក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជិនពីង បានជួបគ្នា និងព្រមព្រៀងផ្អាកការតម្លើងពន្ធរវាងមហាអំណាចទាំងពីរ ដើម្បីទុកពេលចរចាគ្នា ។
រដ្ឋមន្រ្តីរតនាគារអាមេរិកលោក ស្ទេវិន ម្នូជីន បានប្រាប់សារព័ត៌មានCNBCថា អាមេរិក-ចិនបានធ្វើការពិភាក្សាពិសេសណាស់នៅទីក្រុងប៊ុយណូ អ៊ែររ៉េស កាលពីចុងសប្តាហ៍មុននេះ ស្តីពីវិធានការកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទ្វេភាគីតំលៃរាប់រយពាន់លានដុល្លារ ។ បន្ទាប់ពីជំនួបពិភាក្សារវាងលោក ត្រាំ និងលោក ស៊ី នៅក្រៅកិច្ចប្រជុំ G20 កាលពីចុងសប្តាហ៍មុននេះ អាមេរិកបានយល់ព្រមផ្អាកការយកពន្ធ២៥ភាគរយលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារ ចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៩ ដោយរក្សាទុកនៅអត្រា១០ភាគរយដដែល ។ ជាថ្នូរមកវិញ ចិនត្រូវទិញទំនិញកសិកម្ម ថាមពល ឧស្សាហកម្ម និងផលិតផលដទៃទៀតពីអាមេរិកក្នុងបរិមាណច្រើនបំផុត ។
សូមបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិនមានចំនួន៣៣៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដូច្នេះការបន្ថយឱនភាពជាគោលដៅពិសេសមួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner