ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឲ្យបង្រួបបង្រួមគ្នាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ប៉ូឡូញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គាដទើរ៉េស បានធ្វើការអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្រួបបង្រួមគ្នា ប្រឆាំងនឹងការកើនឡើងកំដៅសកលលោក។

ប្រមុខដឹកនាំរូបនេះបានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងពេលថ្លែងសន្ទករថារបស់លោក នៅឯវេទិកាបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិ ដែលគេស្គាល់ឈ្មោះថា COP24 ដែលបានប្រារព្ធឡើងក្នុងទីក្រុងកាតូវីស ប្រទេសប៉ូឡូញ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយមានបណ្តាមេដឹកនាំចំនួន២០ប្រទេសចូលរួម ក្នុងនោះមានទាំងអូទ្រីស និងនីហ្សេរីយ៉ាផងដែរ។

នាឱកាសនោះដែរ លោក ហ្គាដទើរ៉េស បានលើកឡើងថា ការប្រមូលផ្តុំគ្នាគឺជាកត្តាដ៏សំខាន់បំផុត ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ចាប់តំាងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥កន្លងទៅ ដោយលោក ហ្គាដទើរ៉េស ថែមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្ទុះដូចគ្នានឹងកាលពី៣ឆ្នាំមុន សំដៅរក្សាការទុកចិត្តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាក្របខណ្ឌអន្តរជាតិមួយ ដើម្បីដោះស្រាយការកើនឡើងកំដៅរបស់ផែនដីនៅឆ្នំា២០២០ខាងមុខ៕
