អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវខេត្តលេខ១៧៥.សេ

អត្ថបទដោយ៖
Kien Sereyvuth

ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ទទួលបានកញ្ចប់ថវិកាជាតិពីរាជរដ្ឋាភិបាលមិនមានថវិកាសាងសង់ផ្លូវថ្មីបន្ថែមក្នុងខេត្តនោះទេ គឺមានតែកញ្ចប់ថវិកាថែទាំផ្លូវតែប៉ុណ្ណោះ។ នេះជាការគូសបញ្ជាក់ពីលោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅក្នុងពិធីបើកការដ្ឋានជួលជុលថែទាំ និងកែលម្អនូវផ្លូវខេត្តលេខ១៧៥.សេ ដោយក្រាលកៅស៊ូ២ជាន់ ( DBST ) ប្រវែង៨០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិវត្តតាមឹម ឃុំអូរដំបង១ នៃស្រុកសង្កែ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែធ្នូនេះ។

លោកបានបន្ថែមថា ថវិកាដែលទទួលក្នុងនោះរួមមាន ជួសជុលផ្លូវកៅស៊ូចំនួន៣ខ្សែ ប្រវែងជាង១០គ.ម។ គម្រោងថែទាំផ្លូវDBSTចំនួនប្រមាណជាង៥៤២គ.ម។ ថែទាំផ្លូវក្រាលក្រួសក្រហមចំនួន១៤ខ្សែ ប្រវែងជាង២៧៦ គ.ម និងផ្លូវបេតុងប្រវែងជិត១គ.ម។ ដោយឡែកការថែទាំស្ពាន ប្រឡាយនិងផ្លូវក្នុងក្រុង លុបជង្ហុកសំបុកមាន់ ប្រវែង២៨គ.ម។ ជាមួយគ្នានេះក៏មានគម្រោងសង្គ្រោះបន្ទាន់លើការងារជួសជុលផ្លូវក្រាលកៅស៊ូចំនួន០៣គម្រោងមានប្រវែងជិត១០គ.ម និងក្រាលក្រួសក្រហមប្រវែង ២០គ.ម។ ដោយឡែក ជាមួយគ្នានេះគម្រោងកែលម្អ ផ្លូវជាតិលេខ៥ ប្រមាណ០២គ.ម  គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់លោកប្រធានមន្ទីរសាធារណការខេត្ត ដែលទើបតែទទួលនូវមុខតំណែងថ្មី បានយកចិត្តទុកដាក់ធ្វើឲ្យសម្រេចនូវសមិទ្ធផលផ្លូវមួយខ្សែនេះ។ ឯកឧត្តមក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ភូមិ-ឃុំ ខាងលើថា តាមគម្រោងថវិកាជាក់ស្តែងគឺមានលទ្ធភាពក្រាលកៅស៊ូប្រវែង៨០០ម៉ែត្រប៉ុណ្ណោះ តែដើម្បីឆ្លើយតបការស្នើសុំចង់បានពីអាជ្ញា ជាពិសេសប្រជាពលរដ្ឋរស់នៅក្បែរវត្តតាមឹម  សុំឲ្យអាជ្ញាធរខេត្ត ជួយឲ្យគម្រោងផ្លូវកៅស៊ូនេះតភ្ជាប់រហូតដល់ផ្លូវមាត់ស្ទឹងដែល មានប្រវែង៥០០ម៉ែត្របន្ថែមទៀត។ ដូចនេះបងប្អូននៅទី នេះទទួលបាននូវផ្លូវកៅស៊ូ ប្រវែងសរុប ១.៣០០ម៉ែត្រ។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែលកំពុងកែកលម្អនេះ ត្រូវចូលរួមសម្រួលដល់ដំណើរការកែលម្អផ្លូវពង្រីកចិញ្ចើមផ្លូវ និងរួមគ្នាថែទាំសមិទ្ធផលផ្លូវនេះ ឲ្យគង់វង្ស។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានចុះពិនិត្យមើលការដ្ឋានជួសជុលនិងកែលម្អគល់ស្ពានថ្មវត្តគរ ដែលកន្លង មករងការបាក់ច្រាំងស្ទឹងក្បែរគល់ស្ពាន បណ្តាលឲ្យជម្រាលក្បែរគល់ស្ពានបាក់ដី បង្កការអន្តរាយដល់ស្ពានថ្មនៅទីនេះប្រសិនបើមិនបានជួសជុលកែលម្អបានទាន់ពេលវេលានៅពេលទឹកជំនន់ស្ទឹងសង្កែរដូវវស្សាខាងមុខ វាអាចបង្កមហន្តរាយធ្ងន់ដល់គល់ស្ពានមួយនេះ ជាមិនខានឡើយ៕
ដោយៈ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner