អ៊ីរ៉ង់ប្រកាសបន្តអភិវឌ្ឍន៍ និងធ្វើតេស្តមីស៊ីល បើទោះជាមានការប្រឆាំងពីសហរដ្ឋអាម៉េរិក
អ៊ីរ៉ង់៖ អ្នកនាំពាក្យកម្លាំងទាហានអ៊ីរ៉ង់បានប្រកាសនៅថ្ងៃអាទិត្យចុងសប្តាហ៍មុនេះថា ប្រទេសលោកនឹងបន្តធ្វើការអភិវឌ្ឍ ក៏ដូចជាធ្វើតេស្តមីស៊ីល ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីប្រទេសណាមួយនោះឡើយ ហើយថា ទាំងនោះ ជាសិទ្ធិរបស់ប្រទេសដែលមានអធិបតេយ្យភាពពេញលេញ។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការប្រកាសរបស់ប្រមុខកាទូតអាម៉េរិកលោក ម៉ៃ ម៉ុបប៉េអូ ដែលបានបញ្ជាក់ថា កម្មវិធីបរមាណូរបស់អ៊ីរ៉ង់ បំពានទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ បើតាមអ្នកនាំពាក្យកម្លាំងទាហានអ៊ីរ៉ង់ លោក អាបួហ្វាល់ ហ្សេកកាជី បានបញ្ជាក់ថា ការសាកល្បងមីស៊ីល និងសព្វាវុធផ្សេងៗទៀតរបស់អ៊ីរ៉ង់ គឺដើម្បីធានាដល់សកម្មភាពការពារជាតិរបស់ប្រទេសខ្លួន ហើយថា ទីក្រុងតេហេរ៉ង់នឹងបន្តផលិត និងធ្វើតេស្តមីស៊ីល ដោយមិនចាំបាច់សួរនាំពីប្រទេសណាមួយនោះឡើយ។
សូមរំលឹកថា កាលពីថ្ងៃទី០១ ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុម ប៉េអូ បាននិយាយថា អ៊ីរ៉ង់បានធ្វើតេស្តកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម បំពានទៅនឹងសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមប្រាមអ៊ីរ៉ង់ ធ្វើសកម្មភាពសាកល្បងអាវុធផ្សេងៗ ដែលអាចបំពាកក្បាលគ្រាប់បរិមាណូ៕ម.ន



