មនុស្ស១០នាក់ស្លាប់នៅលីប៊ី ក្នុងហេតុការណ៍វាយប្រហារតាមដែនអាកាសពីយន្តហោះមិនស្គាល់ប្រភព
លីប៊ី៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា មនុស្ស១០នាក់បាត់បង់ជីវិត ដោយសារតែយន្តហោះមួយគ្រឿងដែលគេមិនទាន់ស្គាល់ប្រភព បានបើកការវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសលីប៊ី ។ ក្រោយកើតហេតុភ្លាមៗ ក្រុមមន្ត្រីលីប៊ីបានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញរថយន្តឆេះខ្ទេចជាច្រើនគ្រឿង និងសាកសពមនុស្សខ្លោចរោលចំនួន១០នាក់ ដែលអាជ្ញាធរលីប៊ីសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធអាល់កៃដា។
មន្ត្រីយោធាលីប៊ីនៅភាគខាងត្បូងបាននិយាយថា យន្តហោះមិនស្គាល់ប្រភព ឬអត្តសញ្ញាណបានធ្វើការវាយប្រហារទៅលើក្បួនរថយន្តចំនួន៥គ្រឿង ដែលកំពុងតែចល័តនៅក្នុងទីក្រុង អាវ៉េណាត តំបន់ ហ្គាត់ ជាប់ព្រំដែនប្រទេសអាល់ហ្សេរី នៅថ្ងៃព្រហស្បតិ៍តនេះ។
ស្របពេលជាមួយគ្នានេះដែរ កងទ័ពអាកាសលីប៊ីបានអះអាងថា ខ្លួនមិនបានបើកការវាយប្រហារខាងលើឡើយ ហើយលីប៊ីបានសង្ស័យថា វាអាចទង្វើរបស់សហរដ្ឋអាម៉េរិក តាមរយៈការប្រើប្រាស់យន្តហោះដ្រូនពិឃាត ព្រោះក្រុមភេរវករអាល់កៃដា គឺជាសត្រូវធំដែលអាម៉េរិកកំពុងតាមកម្ចាត់ទូទាំងសកលលោក៕