ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីឈានដល់ការប្រកាសអាសន្ន និងត្រៀមជម្លៀសប្រជាជនទៅកន្លែងសុវត្ថិភាពជាបន្ទាន់
អូស្ត្រាលី៖ អាជ្ញាធរអូស្ត្រាលីបានព្រមានឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចក្នុងការជម្លៀសខ្លួនទៅកន្លែងសុវត្ថិភាពជាបន្ទាន់ ស្របពេលដែលអាកាសធាតុក្ដៅខ្លាំងក្នុងកម្រិតប្រកាសអាសន្ន កំពុងបង្កការគំរាមគំហែងដល់ប្រជាជន និងករណីភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួនក្នុងរដ្ឋ ឃ្វីនលែន អស់រយៈពេលជាងមួយសប្ដាហ៍មកនេះ។
បើតាមការបញ្ជាក់របស់អាជ្ញាធរអូស្ត្រាលីបានឱ្យដឹងថា ភ្លើងឆេះព្រៃជាង២០០ករណីកំពុងបន្តឆាបឆេះនៅទូទាំងរដ្ឋ ឃ្វីនលែន ក្នុងនោះមានភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ ដែលបានបង្ខំឱ្យពួកគេជម្លៀសប្រជាជនទៅរកកន្លែងមានសុវត្ថិភាព ព្រមទាំងភ្លើងឆេះព្រៃធំៗចំនួន៧ករណីទៀតកំពុងគំរាមកំហែង និងបង្កឱ្យអាកាសធាតុឡើងក្ដៅរហូតដល់ទៅ៤៥អង់ស្សាសេនៅតាមតំបន់ខ្លះ។
ប្រភពដដែលបានឱ្យដឹងទៀតថា លំនៅដ្ឋានប្រជាជនប្រមាណ១៥ខ្នងក៏ត្រូវបានបំផ្លាញផងដែរ ហើយក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃជាង២០០កន្លែង ស្របពេលដែលអ្នកពន្លត់អគ្គិភ័យ១០០នាក់មកពីរដ្ឋ New South Wales ត្រូវបានបញ្ជូនទៅបន្ថែម ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ៕