ចិន និងឥណ្ឌា គ្រោងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាលើកទី៧ នៅខែក្រោយនេះ

ចិន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិចិន បានអះអាងក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅថ្ងៃព្រហស្បត្តិ៍នេះថា ចិន និងឥណ្ឌា គ្រោងនឹងបន្តដឹកនំាការធ្វើសមយុទ្ធយោធារួមគ្នាលើកទី៧ ដែលមានឈ្មោះថា Hand in Hand នៅចុងឆ្នាំ២០១៨នេះ។ ការហាត់ហ្វឹកហ្វឺននេះ នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ភាគនិរតីប្រទេសចិន ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ខាងមុខ ដោយភាគីនីមួយៗនឹងធ្វើការបញ្ជូនកងកម្លាំងចំនួន១០០នាក់មកចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលគ្របដណ្តប់ទៅលើការហ្វឹកហ្វឺនផ្នែកសម្របសម្រួល និងការបណ្តុះបណ្តាលមូលដ្ឋាននៃការហ្វឹកហាត់បាញ់ជាដើម។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិចិន ការធ្វើសមយុទ្ធយោធានេះ មានគោលបំណងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាការបង្កើនសមត្ថភាពប្រឆាំងភេវរកម្មនៅក្នុងជួរយោធាប្រទេសទាំងពីរ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ដូចដែលបានបង្ហាញរៀបរាប់ខាងលើនៃការហ្វឹកហ្វឺនរួមគ្នានេះ កងទ័ពចិន-ឥណ្ឌានឹងធ្វើការរួមគ្នា ដើម្បីបង្កើតផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជនមកពីភាគីទាំងពីរ។ សូមរំលឹកថា សមយុទ្ធយោធារវាងចិន និងឥណ្ឌា ត្រូវបានចាប់ផ្តើមធ្វើឡើងកាលពីឆ្នំា២០០៧មកម៉្លេះ ប៉ុន្តែការហាត់ហ្វឹកហ្វឺនលើកទី៧របស់ប្រទេសទាំងពីរ ត្រូវសម្រេចពន្យារពេលកាលពីឆ្នាំមុន ដោយសារភាពតានតឹងនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ដែលស្ថិតនៅតំបន់ Donglang៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner