ទីបំផុតលោក ត្រាំ សម្រេចចិត្តលុបចោលជំនួបជាមួយលោក ពូទីន ដោយសារការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានសម្រេចចិត្តលុបចោលគម្រោងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអាហ្សង់ទីន ដោយសារតែការប៉ះទង្គិចគ្នាថ្មីៗនេះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាភាពមិនប្រាកដប្រជានៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូល។
តាមរយៈបណ្តាញសង្គមធ្វីតធើផ្លូវការរបស់ខ្លួន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រូបលោកបានសម្រេចចិត្តបែបនេះ ដោយផ្អែកទៅលើភាពតានតឹងចុងក្រោយ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការបាញ់ប្រហារលើក្រុមនាវិកអ៊ុយក្រែន ហើយថែមទាំងបានរឹបអូសយកនាវាចំនួន៣គ្រឿងរបស់ពួកគេកាលពីថ្ងៃ អាទិត្យ ចុងសប្តាហ៍មុន ស្ថិតនៅក្បែរតំបន់ឧបទ្វីបគ្រីមៀ។
ការលុបចោលនេះដែរ ធ្វើឡើងស្របពេលដែលការស៊ើបអង្កេតរបស់សហព័ន្ធទាក់ទងនឹងយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ដែលសង្ស័យមានការជ្រៀតជ្រែកពីរុស្ស៊ីនោះ កំពុងដំណើរការកាន់តែខ្លាំងឡើង។ ប៉ុន្តែលោក ត្រាំ បានអះអាងដែរថា រូបលោកកំពុងទន្ទឹងរង់ចំាការរៀបចំជំនួបកំពូលដែលពោលពេញទៅដោយអត្ថន័យជាថ្មីម្តងទៀត រហូតទាល់តែស្ថានភាពតានតឹងនេះ ត្រូវបានដោះស្រាយរួចរាល់ជាមុនសិន៕ម.ន