យន្តហោះដឹកអធិការបតីអាល្លឺម៉ង់ទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន ជួបបញ្ហាបច្ចេកទេសនៅពេលធ្វើដំណើរ

អាល្លឺម៉ង់៖ យន្ដហោះដែលដឹកអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជីឡា មឺហ្គែល ទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន បានបង្ខំចិត្តចុះចតដោយឥតគ្រោងទុកកាលពីយប់ថ្ងៃព្រហស្បតិ៍តម្សិលមិញនេះ នៅភាគខាងលិចប្រទេស ខណៈយោធាអាល្លឺម៉ង់បានរាយការណ៍ថា វាគឺដោយសារតែបញ្ហាបច្ចេកទេសជាមួយវិទ្យុរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថា យន្តហោះ Airbus A340-300 លំដាប់ VIP របស់រដ្ឋាភិបាល ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៊ុយណូអ៊ែរ ប្រទេសអាហ្សង់ទីន បានហោះក្រវែលជុំវិញប្រទេសហូឡង់ប្រហែលមួយម៉ោង។ យន្តហោះនេះបានចុះចតដោយសុវត្ថិភាពនៅទីក្រុងខូឡូន នៅម៉ោងប្រហែល៩យប់ ជាមួយអ្នកកាសែតនៅលើយន្តហោះបានរាយការណ៍ថា គ្មានអ្នករបួសទេ។

ប្រភពដដែលបានឱ្យដឹងទៀតថា រថយន្តពន្លត់អគ្គីភ័យជាច្រើនបានប្រុងជើងការជាស្រេច នៅពេលដែលយន្តហោះរបស់លោកស្រី មឺហ្គែល បានចុះចត ដោយសារតែវាមានប្រេងឥន្ធនៈច្រើនជាងយន្តហោះធម្មតាក្នុងពេលចុះចត។ ទន្ទឹមគ្នានោះដែរ យន្តហោះកងទ័ពអាកាសជំនួសមួយទៀតរបស់អាល្លឺម៉ង់បានត្រៀមជាស្រេចដើម្បីដឹកលោកស្រី មឺហ្គែល និងក្រុមគណៈប្រតិភូរបស់លោកស្រីទៅកាន់កិច្ចប្រជុំ G-20 ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ ក្នុងរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner