ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៤១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យ៤១នាក់ (ស្រី៣នាក់) ក្រោយពីសមត្ថកិច្ចនៅតាមបណ្តាខណ្ឌបង្ក្រាបបានពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ។
លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកគ្រឿងញៀនបានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបង្ក្រាបករណីគ្រឿងញៀននៅតាមមូលដ្ឋានទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ។
ដូច្នេះកម្លាំងតាមបណ្តាខណ្ឌ និងកម្លាំងនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានចុះអនុវត្តន៍រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតដល់៤១នាក់ ក្នុងនោះ(ស្រី៣នាក់) ថែមទាំងដកហូតបាននៅថ្នាំញៀនមួយចំនួនធំ សម្ភារប្រើប្រាស់ថ្នាំញៀន សម្ភារដែលជាមធ្យោបាយសម្រាប់ជិះធ្វើសកម្មភាពជួញដូរគ្រឿងញៀន និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ក្រោយពីសន្និសីទបង្ហាញមុខជនសង្ស័យទាំង៤១នាក់នេះ កម្លាំងបានដឹកជនសង្ស័យខ្លះទៅតាមបណ្តាខណ្ឌវិញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកមួយចំនួនទៀត ត្រូវបានដឹកបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕