នាយករដ្ឋមន្ត្រីជប៉ុនធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20

ជប៉ុន៖ សារព័ត៌មាន NHK បានចុះផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានចាកចេញទៅកាន់ប្រទេសអាហ្សង់ទីនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រារព្ធជាផ្លូវការនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

លោក អាបេ បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញដំណើរនៅថ្ងៃព្រហស្បត្តិ៍នេះថា រូបលោកនឹងមានកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្រៅកិច្ចប្រជុំកំពូល G20 ដើម្បីឈានឆ្ពោះទៅរកការចរចាលើសន្ធិសញ្ញាសន្តិភាព ស្តីពីបញ្ហាជម្លោះដែនកោះ។ ជាមួយគ្នានោះ លោក អាបេ ក៏ត្រូវរំពឹងថា នឹងជួបពិភាក្សាដាច់ដោយឡែកមួយទៀត ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈកិច្ចប្រជុំកំពូល G20 ធ្វើឡើងស្របពេលបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិនកំពុងតានតឹងខ្លាំង។

លោក អាបេ បានកត់សម្គាល់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 នាឆ្នំាក្រោយនេះ ប្រទេសជប៉ុនសង្ឃឹមថា នឹងអាចសម្រេចបាននូវប្រព័ន្ធពាណិជ្ជកម្មយុត្តិធម៌ និងសេរីឲ្យកាន់តែរឹងមាំ ក៏ដូចជាស្វែងរកមធ្យោបាយធានាដល់ស្ថេរភាពកំណើនសេដ្ឋកិច្ចសកលលោកផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner