អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ១៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន
អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ១៦គ្រឿង ព្រឹត្តិការណ៍ Southeast Wrestling and Grappling Championships Philippines នេះបើតាមការបញ្ជាក់ពីលោក ធិន វិចត្រ អគ្គលេខាធិការកីឡាចំបាប់កម្ពុជា ពីទីក្រុង San Pablo ប្រទេស ហ្វីលីពីន ។
ជាលទ្ធផល អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសរុប១៦គ្រឿង ក្នុងនោះមានមេដាយមាស ០៣គ្រឿងប្រាក់ ០៤គ្រឿង និងមេដាយសំរិទ្ធ ០៩គ្រឿង ។
លោក ធិន វិចិត្រ បញ្ជាក់ទៀតថា នេះជាជោគជ័យថ្មីមួួយរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលអត្តពលិកបានប្រឹងប្រែងហ្វឹកហាត់នាពេលកន្លងមករហូតទទួលបានលទ្ធផលល្អដូចពេលនេះ ។ លោក ជឿជាក់ថា កីឡាករ កីឡការិនី និងបង្កើនការហ្វឹកហាត់ ស្វែងរកចំនុចល្អ និងខ្វះខាត ដើម្បីកែលំអរអោយបានល្អ ត្រៀមដណ្តើមមេដាយពីព្រឹត្តិការណ៍ ស៊ីហ្គេម នាឆ្នាំ២០១៩ នាពេលខាងមុខជាបន្តទៀត ។ លោក បន្តថា បន្ទាប់ពីទទួលបានការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា និងមានការឧបត្ថម្ភថវិកាទាំងស្រុង ពីលោក Casey Barnett នាយកគ្រប់គ្រង CamEd Business School និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា (លើថ្លៃសំបុត្រយន្តហោះ និងការស្នាក់) ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាករិនីទាំងអស់ ទៅចូលរួមប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៦ ដល់ ១០ វិច្ឆិកា ឆ្នាំ២០១៨ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ២០១៨នេះ កម្ពុជាបញ្ជូន ប្រតិភូ០១ គ្រូបង្វឹក០៣ កីឡាករ ០៦នាក់ កីឡាករិនី០៥នាក់ ទៅចូលរួមក្រោមការឧបត្ថម្ភទាំងស្រុងពីលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕ ម.ន