សហព័ន្ធកីឡាវាយសីកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលអន្ដរជាតិលើកដំបូង

អត្ថបទដោយ៖
ហេង វណ្ណា

ដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាវាយសីអាស៊ី នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់ចៅក្រុម-អាជ្ញាកណ្ដាលកម្រិតអន្ដរជាតិលើកដំបូង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោក មាស សារិន អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា។ លោក ជាម សុភា  អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា វគ្គបណ្ដោះបណ្ដាលកម្រិតអន្ដរជាតិនេះ គ្រោងធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៧-១១ ខែវិច្ឆិកា ក្រោមការធ្វើបទបង្ហាញពីគ្រូឧទ្ទេសជនជាតិនេប៉ាល់លោក Shrestha Laba Bhakta ដែលជាមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាវាយសីអាស៊ី និងមានការចូលរួមពីសិក្ខាកាមសរុបចំនួន៣៦នាក់។

នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចៅក្រុម និងអាជ្ញាកណ្ដាលនេះឡើង បន្ទាប់ពីសហព័ន្ធមានកិច្ចសហប្រតិបត្តិការល្អ និងទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ដែលបានបញ្ជូនគ្រូឧទ្ទេសខាងលើ មកបង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជា ។ ថ្នាក់ដឹកនាំកីឡាវាយសីកម្ពុជា បានចាត់ទុកវគ្គនេះ គឺជាវគ្គដ៏សំខាន់ ដែលសិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឲ្យក្លាយជាចៅក្រម ឬអាជ្ញាកណ្ដាលអន្ដរជាតិ នាថ្ងៃអនាគត។ អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា «កម្ពុជាមិនធ្លាប់មានវគ្កបណ្ដុះបណ្ដាលនេះពីមុនទេ តែឥលូវសហព័ន្ធកីឡាវាយសីអាស៊ី បានដាក់ផែនការរៀបចំវគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលនៅកម្ពុជារៀងរាល់ឆ្នាំ រួមទាំងវគ្គគ្រូមួយទៀត ចាប់ពីឆ្នាំនេះទៅ ។ ចឹងនេះគឺឱកាសដ៏ល្អ ដែលមន្ដ្រីបច្ចេកទេសសហព័ន្ធ ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ឈានទៅរកកម្រិតអន្ដរជាតិ ដើម្បីត្រៀមចូលរួមកាត់ក្ដីក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសគឺការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង» ។ ដោយហេតុនេះ ក្នុងនាមតំណាងលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានធ្វើការជំរុញដល់សិក្ខាកាមម្នាក់ៗ ត្រូវយកចិត្តទុកដាក់រៀនសូត្រ និងស្វែងយល់ពីបច្ចេកទេសថ្មីៗ ដែលគ្រូឧទ្ទេសលោក Shrestha Laba Bhakta បានបង្រៀន ដើម្បីទទួលបាននូវចំណេះដឹងយកទៅអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner