ជម្រើសជាតិកម្ពុជាចាញ់ជម្រើសជាតិម៉ាឡេស៊ី ០-១ ថ្ងៃបើកឆាកពានរង្វាន់ AFF Suzuki Cup 2018
ក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវជម្រើសជាតិម៉ាឡេស៊ី ដោយ លទ្ធផល ០ទល់១ នៅពហុកីឡដ្ឋានជាតិ កាលពីយប់មិញ នៅក្នុងការប្រកួតថ្ងៃបើកឆាកពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2018 ដោយទាក់ទាញបានអ្នកចូលរួមទស្សនា ដោយផ្ទាល់ ជាង៣ម៉ឺននាក់។ ១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ីធ្វើសម្រេចនៅនាទី៣០ ដោយកីឡាករខ្សែ បម្រើ Norshahrul Idlan Talaha មកពីក្លិប PB Pahang។ ចំណែកឯក្រុមកម្ពុជា មានឱកាសល្អៗ ច្រើនដងដែរ ប៉ុន្ត ធ្វើបានបានសម្រេចតាមស្មើឡើយ ដោយធ្វើឲ្យក្រុមម៉ាឡេស៊ីរកបាន ៣ពិន្ទុដំបូង នៅក្នុងពូលA។ ចំពោះ១ប្រកួត បន្ទាប់ ក្រុមកម្ពុជានឹងត្រូវជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាការប្រកួតវគ្គសន្សំពិន្ទុ នៅក្នុងចំណោម៥ក្រុម ក្នុងពូល A គឺកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម។
ថ្លែងក្រោយបញ្ចប់ការប្រកួត លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុម កម្ពុជា បានសម្តែងការពេញចំពោះទម្រង់លេងរបស់កូនក្រុម បើទោះបីជាកម្ពុជារបូត៣ពិន្ទុ ពីក្រុមភ្ញៀវយ៉ាងណាក្តី។ លោកអះអាងថា ដោយសារកូនក្រុមខ្លួនបានកែប្រែនូវចំណុចខ្វះខាតមួយចំនួនធំ បើធៀបនឹងកាលពីជួបម៉ាឡេស៊ី ក្នុងជំនួបមិត្តភាព កាលពីខែកញ្ញា កន្លងទៅ។ លោករីករាយពេលឃើញកូនក្រុមលេងបានល្អប្រសើរ ទោះជាលទ្ធផល មិនឆ្លើយតបទៅនឹងអ្វីដែលលោកចង់បានយ៉ាងណាក្តី ប៉ុន្តែលោកនឹងព្យាយាមបន្ដទៀត ដើម្បីស្វែងរកលទ្ធផលល្អៗនាពេលខាងមុខទៀត ពីព្រោះកម្ពុជានៅសល់៣ប្រកួតផ្សេងទៀតនៃវគ្គសន្សំពិន្ទុ ក្នុងពូលA នេះ។ ចំពោះ ១ប្រកួតផ្សេងទៀត នៅក្នុងពូលA នេះដែរ គឺក្រុមវៀតណាមក៏រកបាន៣ពិន្ទុដែរ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ ឡាវ ដោយលទ្ធផល ៣ទល់០។ សូមបញ្ចាក់ថា ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018នេះ ក្រុមហ៊ុន O M C កម្ពុជាបានដាក់បង្ហាញផលិតផល ដូចជាម៉ូតូ ឡាន សេរីទំនើប ដើម្បីបង្ហាញអតិថិជនរបស់ខ្លួន ចំណែកឯក្រុមហ៊ុនអាលុយ J P ក៏បានដាក់តាំងបង្ហាញផលិតផល ព្រមទាំងមានកម្មវិធីទាត់បាល់ផ្តល់រង្វាន់ជាអាវយឺត អំពូលភ្លើង និងពិលជូនដោយមិនគិតថ្លៃផងដែរ៕ម.ន