អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ៤គ្រឿងពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន
អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ៤គ្រឿងពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន នេះបើតាមការបញ្ជាក់ពីលោក ធិន វិចិត្រ អគ្គលេខាធិការកីឡាចំបាប់កម្ពុជា ពីប្រទេសហ្វីលីពីន។ លោកបន្តថា បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា និងមានការឧបត្ថម្ភថវិកាទាំងស្រុង ពីលោក Casey Barnett នាយកគ្រប់គ្រង CamEd Business School និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា (លើថ្លៃសំបុត្រយន្តហោះ និងការស្នាក់) សហព័ន្ធបានធ្វើការបញ្ជូនប្រតិភូ១ គ្រូបង្វឹក៣ កីឡាករ៦នាក់ កីឡាករិនី៥នាក់ ទៅចូលធ្វើការប្រកួតប្រជែងដណ្តើមមេដាយ ពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៦ ដល់ ១០ វិច្ឆិកា ឆ្នាំ២០១៨។
ជាលទ្ធផល អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ៤គ្រឿង ក្នុងនោះមាន ១.កីឡាករ ឌន សៅ ដណ្តើមបានក្នុងប្រភេទទម្ងន់៩៧គីឡូក្រាម ចំបាប់សេរី ២.កីឡាករ ឆាំ ពិសិន ទម្ងន់៨៦គីឡូក្រាម ចំបាប់សេរី ៣.កីឡាការិនី ឌន ស្រស់ ទម្ងន់៥៩គីឡូក្រាម ចំបាប់សេរី និង៤.កីឡាការិនី សឿន នឿន ទម្ងន់៦៥ គីឡូក្រាម ចំបាប់សេរី។ លោក ធិន វិចិត្រ បញ្ជាក់ទៀតថា ដោយសារបញ្ហាកាហូបចុកនៅទីនោះមិនសូវល្អ ទើបធ្វើឲ្យអត្តពលិកយើងប្រកួតថ្ងៃដំបូង ដណ្តើមបានតែមេដាយសំរឹទ្ធ៤គ្រឿង និងមានបញ្ហាលម្អៀងបន្តិចបន្តួចពេលប៉ះជាមួយម្ចាស់ផ្ទះ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ឆ្ពោះទៅដណ្តើមមេដាយមាស និងប្រាក់។ លោកបានវាយតម្លៃខ្ពស់ថា កម្មវិធីនេះវាជាឱកាសសម្រាប់ កីឡាករ កីឡការិនី ធ្វើតេសសមត្ថភាព និងស្វែងរកចំណុចខ្វះខាត ដើម្បីកែលម្អឲ្យបានល្អ ត្រៀមដណ្តើមមេដាយពីព្រឹត្តិការណ៍ ស៊ីហ្គេម នាឆ្នាំ២០១៩ នាពេលខាងមុខ។ ជាមួយគ្នានេះ លោក ធិន វិចិត្រ សង្កេតឃើញថា កីឡាករ កីឡាការិនីថ្នាលរបស់កម្ពុជាមានការរីកចម្រើនគួរសមគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ថា ការប្រកួតនៅបន្តរហូតដល់ថ្ងៃទី១០ ទើបបញ្ចប់ ហើយអត្តពលិកយើងក៏នៅបន្តប្រជែងមេដាយលើប្រភេទទម្ងន់ជាច្រើនទៀតផងដែរ៕ម.ន