ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង
សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃព្រហស្បត្តិ៍នេះ អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
សេចក្ដីព្រាងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាម៉េរិកបោះឆ្នោតអនុម័តបន្ត ។ សេចក្ដីព្រាងច្បាប់នេះ មានភាគរយខ្ពស់ដែលអាចនឹងត្រូវបានសភាតំណាងរាស្ត្រអាម៉េរិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យគាំទ្រ ។ ហើយនៅពេលសេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ផ្លូវការនោះ វានឹងបើកភ្លើងខៀវឱ្យសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមមន្ត្រីចិន និងប៉ូលិសហុងកុង ដែលបំផ្លិចបំផ្លាញស្វ័យភាពរបស់ក្រុងហុងកុង រួមទាំងធនាគារទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងពួកគេ ។
សេចក្ដីព្រាងច្បាប់នេះទៀតសោត ត្រូវបានអនុម័ត ស្របពេលដែលចិនកំពុងត្រៀមដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដើម្បីទប់ស្កាត់បង្កចលាចល ភេរវកម្ម និងផ្ដាច់ទឹកដីជាដើម ៕




