ឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅពីររបស់យន្តហោះអាកាសចរណ៍ក្នុងស្រុក Lion Air ដែលធ្លាក់ក្នុងសមុទ្រហើយ
ឥណ្ឌូណេស៊ី៖ សារព័ត៌មាន ឆាណែល ញ៊ូ អេស៊ា (Channel News Asia) បានចុះផ្សាយថា អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានរកឃើញ និងស្រង់យកប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅទាំងពីររបស់យន្តហោះអាកាសចរណ៍ក្នុងស្រុក ឡាយអិន អ៊ែរ ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ជាមួយមនុស្ស១៨៩នាក់នោះហើយ ។
រហូតមកទល់ពេលនេះ ក្រុមភ្នាក់ងារជួយសង្រ្គោះ និងរុករកបានផ្តោតសំខាន់ទៅលើការស្វែងរកប្រអប់ខ្មៅទាំងពីររបស់យន្តហោះ ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់មូលហេតុ ដែលបង្កឲ្យយន្តហោះ ប៊ូអ៊ីង ស៊េរីថ្មីនេះធ្លាក់ ។ ដោយឡែកការស្វែងរកសាកសពអ្នកដំណើរ និងសម្ភារៈជាច្រើននៃយន្តហោះ ក៏បាននិងកំពុងធ្វើឡើងព្រមគ្នាដែរ ឈានចូលដល់ថ្ងៃទី៤ នៃការរុករកនេះ ។
សូមជម្រាបថា ប្រតិបត្តិការរុករកបានឈានចូលដល់ថ្ងៃទី៤នេះ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រនាវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅតំបន់ដែលយន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ ដែលគេហៅថា ជាប្រអប់ខ្មៅផ្ទុកសំឡេង ៕