ឃាតករកាប់ជនរងដាច់កស្លាប់កាលពីខែឧសភានៅស្រុកសណ្តាន់តាមពិតគឺជាកូនបង្កើតខ្លួនសោះ
កំពង់ធំ៖ ករណីកាប់សម្លាប់ជនរងគ្រោះបណ្តាលឲ្យ ដាច់កស្លាប់យ៉ាងអាណោចអាធ័ម បង្ករឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង កាលពីអំឡុង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ កន្លងមក ដែលបានកើតហេតុ នៅក្នុងភូមិសំរោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បន្ទាប់ពីសមត្ថកិច្ចបានខិតខំស្រាវជ្រាវ តែហាក់បីដូចជាគ្មាន តំម្រុយរបស់ឃាតករ តែដល់ពេលបែករឿង គឺដោយសារប្អូនបង្កើតប្តឹងសមត្ថកិច្ចចាប់បងប្រុសរបស់ខ្លួនដាក់ គុគ ពីបទកាប់សម្លាប់ឳពុកបង្កើតរបស់ខ្លួន ។
កូនតិរច្ឆាន ត្រូវបានអស់លក្ខណ៍ ដោយសមត្ថកិច្ចនគរបាលចាប់វាយខ្នោះ ពីបទសម្លាប់ឪពុកបង្កើត តាមដីការរបស់បញ្ជាតុលាការសាលាដំបូងខេត្តកំពង់ធំ សំណុំរឿងព្រហ្មទណ្ទ លេខ ៥៨៧.១០.០៩.២០១៥ ដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៦២ ដន ពស/២០១៨ ឲ្យនាំខ្លួនលោក យឹម ពុទ្ធា ភេទប្រុស អាយុ ៣៣ឆ្នាំ មកកាន់សាលាដំបូង ដើម្បីសួរចម្លើយករណីអំពើឃាតកម្ម ដែលបានកាប់សម្លាប់ឳពុកបង្កើត ឈ្មោះ យឹម គឹម ឲ្យស្លាប់នៅចំនុចអូត្របែក ភូមិសំរោង ឃុំមានរិទ្ថ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ចំណែកទីលំនៅបច្ចុប្បន្ន ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលចាប់បានជនដៃដល់ ដែលជាឃាតករសម្លាប់ឳ ពុកបង្កើត គឺមូលហេតុតាមដំណើររឿង ក្រោយពេលឃាតករបានសម្លាប់ឳខ្លួនហើយ ក៏បានរត់គេចខ្លួនទៅ ពួនសម្ងំលាក់ខ្លួននៅជាមួយនឹងប្អូន បង្កើតស្រុកឆ្លូង ខេត្តក្រចេះ អស់រយះពេល៣ឆ្នាំ ហើយក៏មានទំនាស់ ជាមួយនឹងប្អូនបង្កើត ចំណែកប្អូនបង្កើតខ្លាចមិនមានសុវត្តិភាពដល់ខ្លួន និងក្រុមគ្រួសារ ក៏សម្រេចចិត្តប្តឹង សមត្ថកិច្ចឲ្យចាប់ខ្លួនបងប្រុសតែម្តង ពីបទកាប់សម្លាប់ឳពុកបង្កើតរបស់ខ្លួន ។
ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង បានដឹកនាំកម្លាំងចុះឃាត់ ខ្លួនជនសង្ស័យ ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៨ និងបានសហការជាមួយ ស្នងការនគរបាលខេត្តកំពង់ធំ នាំខ្លួនជនសង្ស័យមកកាន់តុលាការសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់។
មហាជនបានថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ច អធិការស្រុកធ្លូង នៃស្នងការនគរបាលខេត្តក្រចេះ និងសមត្ថកិច្ចនៃស្នងការនគរបាល ខេត្តកំពង់ធំ រួមទាំងស្ថាប័ន អាយ្យការសាលាដំបូងខេត្តកំពង់ធំ ដែលបាន ប្រឹងប្រែងស៊ើបអង្កេតសំណុំរឿងដ៏អយុត្តិធម៌ កូនតិរិច្ឆានសម្លាប់ឳពុកបង្កើតបណ្តាយឲ្យស្លាប់យ៉ាង អាណោចអាធ័ម និងសំណូមពរច្បាប់ដាក់ទោសឲ្យធ្ងន់ កុំឲ្យមានការបន្ធូរ បន្ថយចំពោះកូនចិត្តអប្រិយម្នាក់នេះ ដែលហ៊ានលើកដៃកាប់ស្លាប់អ្នកមានគុណ ដែលខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីនៅក្នុងផ្ទៃរហូតកូនមក បាតជើងក្រហម ដល់ធំដឹងក្តីបែរជាមកសម្លាប់ឳពុកអែងទៅវិញ។