សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្តីពីគោលដៅអភិវឌ្ឍន៍ដោយចីរភាពវិស័យបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព
ខេត្តមណ្ឌលគិរី៖ សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្តីពីគោលដៅអភិវឌ្ឍន៍ដោយចីរភាពវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសណ្ឋាគារមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ គោលបំណងនៃសិក្ខាសាលា គឺសំដៅទៅលើការបញ្ចប់ភាពក្រីក្រ គ្រប់ទម្រង់នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លានសម្រចឲ្យបាននៅសន្តិសុខស្បៀង លើកកម្ពស់វិស័យកសិកម្ម ធានាអប់រំប្រកបដោយគុណភាព លើកកម្ពស់សុខុមាលភាព របស់មនុស្សគ្រប់រូប និងគ្រប់វ័យ ព្រមទាំងសម្រេចឲ្យបាននូវសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងកុមារ។ មានទឹកអនាម័យសម្រាប់ជាជនគ្រប់រូប ធានាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន មានមុខរបរពេញលេញ និងមានការងារសមរម្យសម្រាប់ប្រជាជន កសាងហេដ្ឋារចនាសម្ព័នដែលធននឹងការបម្រែបម្រួលអាកាសធាតុ កាតបន្ថយវិសមភាពនៅក្នុងប្រទេស និងក្នុងចំណោមបណ្តាប្រទេសនានា អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ ការពារ និងជុំរុញការប្រើប្រាស់នូវប្រព័ន្ធអេកូឡូហ្ស៊ីនៅលើដែនគោក គ្រប់គ្រងព្រៃឈើ ប្រយុទ្ធប្រឆាំងនឹងឱនភាពដី បញ្ឍប់ និងបង្វែរទិសនៃការសិករេចរិលគុណភាពដី និងកុំអោយបាត់បង់ជីវជាតិដី និជីវសម្រុះ។ សូមបញ្ជាក់ផងដែរថា សិក្ខានេះប្រព្រឹ្តទៅមានរយៈពេលពីរថ្ងៃ ដែលមានសិក្ខាកាមអញ្ជើញចូលរួមមកពីបណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជា៕ម.ន