ខេត្តបាត់ដំបង មានការរីកចម្រើនលើវិស័យអចលនទ្រព្យចំនួន៦៤០គម្រោង ស្មើនឹងតម្លៃនៃទុនវិនិយោគសរុបជិត៦៦លានដុល្លារ សម្រាប់ឆ្នាំ២០១៨នេះ
រដ្ឋបាលខេត្តបាត់ដំបង បានឆ្លុះបញ្ចាំងពីសមិទ្ធផលដែលរដ្ឋបាលខ្លួនសម្រេចបាននៅក្នុងឆ្នាំ២០១៨នេះ ដោយបានផ្តោតសំខាន់ពីការរីកចម្រើនលើវិស័យសំណង់ក្នុងខេត្តបាត់ដំបង។ ជាពិសេសលើវិស័យអចលនវត្ថុ ដូចជាការរៀបចំដីឡូតិ៍ល្វែង ការសាងសង់រោងចក្រ ជាដើម។ ក្នុងនោះ មានចំនួន ៦៤០គម្រោង ស្មើនឹងទុនវិនិយោគសរុបប្រមាណ៦៦លានដុល្លារ ហើយចំពោះវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យអាទិភាពសំខាន់ៗដទៃទៀតដូចជា ការងារដាំដុះដំណាំស្រូវ ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម វិស័យធនធានទឹក វិស័យឧស្សាហកម្ម វិស័យការងារសាធារណការ ដឹកជញ្ជូន និង ផ្លូវលំជនបទ វិស័យសុខាភិបាល វិស័យអប់រំយុវជន និងកីឡា ជាដើម។
ការថ្លែងរបស់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈ ដើម្បីធ្វើការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ សម្រាប់ឆ្នាំ២០១៨នេះ ដែលបានប្រព្រឹត្តធ្វើ កាលពីព្រឹកថ្ងៃទី៣១ តុលា ២០១៨ នៅសាលាស្រុកបាណន់ ក្រោមវត្តមានជាអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាថ្ងៃទី២ ដែលរដ្ឋបាលខេត្ត បានរៀបចំនូវអង្គវេទិកាសាធារណៈបែបនេះនៅតាមបណ្តាស្រុក-ក្រុងទាំង១៤របស់ខេត្ត។ ក្នុងថ្ងៃនេះដែរគឺមានចំនួនស្រុកចំនួន០៤ ដែលកំពុងតែដំណើរការនៃអង្គវេទិកាបែបនេះរបស់ខ្លួន រួមមាន៖ ស្រុកបាណន់ ស្រុកសង្កែ ស្រុកបវេល និងស្រុកគាស់ក្រឡ។ ឯកឧត្តម អ៊ុយ រី ក៏បានគូសបញ្ជាក់ថា វេទិកាឆ្នាំនេះ គឺស្ថិតក្នុងប្រធានបទ”ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ”។ ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ឆ្លើយតប ជូនប្រជាពលរដ្ឋ ក្នុងនាមតួនាទីរដ្ឋបំពេញជូនប្រជាពលរដ្ឋ ដែលបានផ្តោតសំខាន់ គឺការផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០១៨ និងដើម្បីបានធ្វើការពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមូលនូវបញ្ហាចាំបាច់ និងជាអាទិភាព ដើម្បីប្រមូលនូវក្តីកង្វល់ពីគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមកសាងសង្គមល្អ រួមគ្នាបំពេញតួនាទីរដ្ឋ និងតួនាទីពលរដ្ឋដើម្បីប្រមូលផ្តុំរួមគ្នាបង្កើតឡើងនូវសមិទ្ធផលសង្គមថ្មីៗទៀត លើគ្រប់វិស័យ ឲ្យកាន់តែធំធេង និងរឹងមាំឡើង ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ខេត្តបាត់ដំបងឆ្ពោះទៅរកអនាគតត្រចះត្រចង់។
ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងថា រាល់សំណូមពរ និងតម្រូវការរបស់បងប្អូន និងរាល់បញ្ហាជាអាទិភាព និងការផ្តល់នូវមតិយោបល់ទាំងអស់ខាងលើនេះ។ រដ្ឋបាលខេត្តបាត់ដំបង និងរៀបចំបញ្ចូលទៅក្នុងផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្ត ដើម្បីសំដៅលើកកម្ពស់ ប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរឡើង ក្នុងការអនុវត្តនូវប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន។ ដោយខិតខំធ្វើការដោះស្រាយការងារ ក្នុងការផ្តល់នូវសេវារដ្ឋបាលសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ម.ន
ដោយៈ អ៊ុក សំអាន