លោក មូន ចេអ៊ីន អំពាវនាវឱ្យបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ អំឡុងពេលប្រារព្ធខួបទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានធ្វើការអំពាវនាវឱ្យកូរ៉េខាងជើងចូលរួមចលនាដ៏ក្លាហាន ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការនៅថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញ ដែលជាថ្ងៃខួបលើកទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ អំឡុងពេលថ្លែងសុន្ទរកថានៅឯពិធីរំលឹកខួបនៃសង្គ្រាម ដែលធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្នុងក្រុងសេអ៊ូល លោក មូន ចេអ៊ីន បានទទូចដល់កូរ៉េខាងជើងឱ្យមានការតាំងចិត្តយ៉ាងមុតមាំ ដើម្បីខិតខំបញ្ចប់សង្គ្រាមដ៏សោកសៅបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក ។
សូមរំលឹកថា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៥០ កងទ័ពកុម្មុយនីស្តកូរ៉េខាងជើងដឹកនាំដោយលោក គីម អ៊ីលស៊ុង បានបើកការវាយចូលកូរ៉េខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក សំដៅបង្រួបបង្រួមកូរ៉េទាំងពីរ។ សង្គ្រាមដ៏បង្ហូរឈាមនេះ បានធ្វើឱ្យស្លាប់មនុស្សរាប់លាននាក់។ សង្គ្រាមនេះបានបញ្ចប់ទៅនៅឆ្នាំ១៩៥៣ ដោយការចុះយុទ្ធសន្តិភាព មិនមែនសន្ធិសញ្ញាបញ្ចប់សង្គ្រាមឡើយ។ ជាលក្ខណៈបច្ចេកទេស កូរ៉េទាំងពីរស្ថិតក្រោមលក្ខខណ្ឌ ធ្វើសង្គ្រាមនៅឡើយមកទល់សព្វថ្ងៃនេះ៕




