ថៃនឹងអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួនអាចចូលមកកាន់ប្រទេសខ្លួនវិញចាប់ពីខែកក្កដាខាងមុខ
ថៃ៖ ថៃអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួន អាចចូលមកកាន់ប្រទេសខ្លួនវិញ បានចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះតទៅ នេះបើតាមទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ CCSA និងចុះផ្សាយដោយសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។
ប្រភេទអ្នកដំណើរទាំងនោះមានដូចជា ពាណិជ្ជករ និងវិនិយោគិនមានឈ្មោះក្នុងបញ្ជីរង់ចាំ ដែលបានយល់ព្រមធ្វើចត្តាឡីស័កក្រោមកម្មវិធីហៅថា Alternative State Quarantine របស់រដ្ឋាភិបាលថៃ ពោលគឺពួកអាចស្នាក់នៅតាមសណ្ឋាគារ ដែលត្រូវមានការសហការជាមួយរដ្ឋាភិបាល និងចេញថ្លៃចំណាយផ្ទាល់ខ្លួន សម្រាប់រយៈពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ ។
ក្រៅពីនេះ នៅមានពលករជំនាញ អ្នកជំនាញ ជនបរទេសដែលរៀបការជាមួយពលរដ្ឋថៃ ក៏ដូចជាអ្នកមានទីលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសថៃ បុគ្គលិកផ្នែកអប់រំ គ្រូបង្រៀន និងសិស្ស-និស្សិត ក៏នឹងត្រូវអនុញ្ញាតឲ្យចូលមកនៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ។
ដោយឡែកសម្រាប់ក្រុមអ្នកទេសចរ ដែលមានគោលដៅមកពិនិត្យតាមដានសុខភាព ក៏នឹងត្រូវអនុញ្ញាតឲ្យចូលនៅថ្ងៃទី១ ខែកក្កដាដែរ បរាបណាគ្រឹះស្ថានសុខភាព និងមន្ទីរពេទ្យដែលពួកគេមកពិនិត្យមានអាជ្ញាបណ្ណពិសេសហៅថា Amazing Thailand Safety & Health Administration ៕




