សហរដ្ឋអាម៉េរិកគ្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង

សហរដ្ឋអាម៉េរិក៖ កងនាវាអាម៉េរិកនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ តាមរយៈការបន្តបញ្ជូននាវាពិឃាត និងយន្ដហោះចម្បាំងទៅកាន់តំបន់ សមុទ្រចិនខាងត្បូង ជាពិសេសទៅក្បែរតំបន់ដែនទឹកដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ ក្រុមមន្រ្តីយោធាអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ បាននិយាយថា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនេះ អាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ក្នុងគោលបំណងបញ្ជូនសារមួយទៅកាន់ ទីក្រុងប៉េកាំងថា សហរដ្ឋអាម៉េរិកនឹងមិនអនុញាតឱ្យចិនធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួន ឬក៏ប្រើប្រាស់អំណាចក្នុងនាមជាមហាអំណាចទៅគំរាម កំហែងប្រទេសតូចៗ ដែលជាភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។ ការលើកឡើងរបស់មន្ត្រីយោធាអាម៉េរិកនេះ ធ្វើឡើងក្រោយមាន សេចក្ដីរាយការណ៍មួយកាលពីថ្ងៃអាទិត្យថា ចិនបានបញ្ជូននាវាពិឃាតមួយគ្រឿងទៅបណ្ដេញនាវាចម្បំាងអាម៉េរិក ឱ្យចេញឆ្ងាយពីតំបន់ដែនទឹក ជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង ។ ចំណែកឯកងនាវាអាម៉េរិកបានចោទប្រកាន់ថា ទង្វើរបស់នាវាពិឃាតចិន គឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ ខណៈទីក្រុងប៉េកំាងចាត់ទុកថា វត្តមាននាវាពិឃាតអាម៉េរិកនៅក្នុងតំបន់ជម្លោះ គឺជាចេតនាបង្ករឿង និងធ្វើឱ្យភាពតានតឹងកាន់តែ ឡើងកំដៅនៅក្នុងតំបន់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner