កោះហុកកៃដូ របស់ជប៉ុន ទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុនបានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារកោះ ហុកកៃដូ ភាគខាងជើងប្រទេស នៅព្រឹកថ្ងៃសុក្រនេះ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែអាជ្ញាធរពុំបានចេញសេចក្តីព្រមានណាមួយថា អាចកើតមានរលកយក្សស៊ូណាមិនោះឡើយ។
ទន្ទឹមគ្នានេះ អាជ្ញាធរតាមដានភូមិសាស្ត្រជប៉ុន JMA បានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិខាងលើនេះ បានកើតមានឡើងនៅភាគខាងត្បូងកោះ ហុកកៃដូ ពីក្នុងជម្រៅដី៣០គីឡូម៉ែត្រ ខណៈមិនទាន់មានសេចក្តីរាយការណ៍ណាមួយថា អាចមានជនរងគ្រោះ និងការបង្កការខូចខាតអ្វីនោះឡើយ។
សូមរំលឹកផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ មានជនរងគ្រោះ៣នាក់បានបាត់បង់ជីវិត និងជាង២០០នាក់ទៀតទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារប្រទេសជប៉ុន៕