ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកខិតខំប្រឹងប្រែងផ្សះផ្សាការបែកបាក់ភាពជឿជាក់
សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានព្រមានថា ពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺខ្វះភាពស្មោះត្រង់ ដោយលោកសូមជំរុញឱ្យសហគមន៍អន្តរជាតិរួបរួមគ្នា ដើម្បីជួសជុលការទុកចិត្តដែលត្រូវបានខូចខាត។
ការលើកឡើងរបស់លោក ធ្វើឡើងក្នុងអំឡុងការថ្លែងសុន្ទកថារបស់លោក ក្នុងពិធីបើកសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅក្នុងទីក្រុងញ៉ូវយ៉ក ជាទីដែលបណ្តាមេដឹកនំាពិភពលោក បានជួបជុំគ្នាចូលរួមជំនួបកំពូលដ៏ធំនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានប្រាប់ទៅកាន់ប្រទេសសមាជិកទាំង១៩៣របស់យូអិនថា បទបញ្ជារបស់ពិភពលោក គឺកាន់តែច្របូកច្របល់ ហើយថា ការជឿទុកចិត្តគឺស្ថិតនៅចំណុចបែកបាក់ ហើយការផ្លាស់ប្តូរតុល្យភាពនៃអំណាចអាចបង្កើនហានិភ័យនៃការប្រឈមមុខគ្នា។ ស្របពេលជាមួយគ្នានេះដែរ លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានថ្លែងអំពាវនាវយ៉ាងទទូចឱ្យមានការប្តេជ្ញាចិត្តជាថ្មីទៀត ចំពោះបទបញ្ជាដែលផ្អែកលើច្បាប់ជាមួយអង្គការសហប្រជាជាតិ ហើយរូបលោកថែមទាំងព្រមានមិនឲ្យមានការរីករាលដាលនយោបាយនៃទុទិដ្ឋិនិយម៕ម.ន