ចិនជំរុញឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការលក់សព្វាវុធដល់កោះតៃវ៉ាន់
ចិន៖ ក្រសួងការបរទេសចិនបានលើកឡើងថា ទីក្រុងប៉េកំាងប្រកាសជំទាស់ជាដាច់ខាត ដើម្បីប្រឆាំងនឹងការលក់យន្តហោះចម្បំាង F-16 និងគ្រឿងសញ្វវុធតម្លៃ៣៣០លានដុល្លាររបស់សហរដ្ឋអាម៉េរិកទៅឲ្យកោះតៃវ៉ាន់ ហើយថែមទាំងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលផែនការនេះវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង សួង បាននិយាយថា ការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឲ្យកោះតៃវ៉ាន់ គឺបានបំពានយ៉ាងធ្ងន់ដល់ច្បាប់អន្តរជាតិ និងបានធ្វើឲ្យប៉ះបាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍សន្តិសុខ និងអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន។
សូមរំលឹកថា ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមអនុម័តលើការលក់យន្ដហោះចម្បាំង F-16 និងបរិក្ខារយោធាដទៃទៀតមានតម្លៃ៣៣០លានដុល្លារឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានជាច្រើនដងពីសំណាក់ប្រទេសចិន។ ជាមួយគ្នានោះ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់ លោក អាឡិច ហួង បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិកសម្រាប់ការគាំទ្រនេះ ហើយលោកបាននិយាយថា កោះតៃវ៉ាន់នឹងបន្តទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីងតោនលើបញ្ហាជាច្រើន ដែលរួមទាំងបញ្ហាសន្តិសុខផងដែរ៕ម.ន