ចិនចេញផ្សាយសៀវភៅស ស្តីពីសង្រ្គាមផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

ចិន៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស ស្តីពីការពិតនៃវិវាទផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ក៏ដូចជាគោលជំហររបស់ភាគីទីក្រុងប៉េកាំង ដែលមានគោលដៅបំភ្លឺការពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញរកការដោះស្រាយបញ្ហាដោយសមហេតុផល។

សៀវភៅសនេះបាននិយាយថា ខណៈដែលសហរដ្ឋអាម៉េរិកបានបង្កបញ្ហាទំនាស់ពាណិជ្ជកម្មឥតឈប់ឈរ ចិនបានគិតគូរពីការគាំពារផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ និងរបៀបរៀបរយពាណិជ្ជកម្មពិភពលោក ប្រកាន់ខ្ជាប់គោលការណ៍មូលដ្ឋាននៃការដោះស្រាយការវិវាទតាមរយៈការចរចា ហើយយកការអត់ធ្មត់ និងភាពស្មោះត្រង់ធំបំផុត ដែលឆ្លើយតបទៅនឹងកង្វល់របស់សហរដ្ឋអាម៉េរិក និងដោះស្រាយការវិវាទដោយសមរម្យដោយកាន់អាកប្បកិរិយា ស្វែងរកមូលដ្ឋានដូចគ្នានៅពេលមានភាពខុសគ្នា ក៏ដូចជាពុះពារឧបសគ្គគ្រប់បែបយ៉ាងធ្វើការចរចា និងការពិគ្រោះពិភាក្សាជាច្រើនលើកជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងលើកឡើងគម្រោងដោះស្រាយជាក់ស្តែង ហើយបានខិតខំប្រឹងប្រែងដ៏រឹងមាំដើម្បីស្ថិរភាពនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីផងដែរ។

យ៉ាងណាមិញ សហរដ្ឋអាម៉េរិកតែងតែប្រែប្រួល ហើយបង្ករឿងហេតុឥតឈប់ឈរ បណ្តាលឲ្យវិវាទផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាម៉េរិក បន្តកើនឡើងក្នុងរយៈពេលខ្លី ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ បានបង្កើតឡើងដោយខិតខំប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំ រងការខូចខាតយ៉ាងខ្លាំង ហើយក៏ធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងគោលការណ៍ពាណិជ្ជកម្មសេរីរងការគំរាមកំហែងដ៏ធ្ងន់ផងដែរ។

ដើម្បីបំភ្លឺការពិតនៃទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក និងអធិប្បាយអំពីគោលនយោបាយនិងគោលជំហររបស់ចិនអំពីការវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិក រួមទាំងជំរុញការដោះស្រាយបញ្ហាដោយសមហេតុផល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសនេះជាពិសេស។ សៀវភៅសនេះ ចង្អុលបង្ហាញថា ចំពោះប្រទេសចិន និងសហរដ្ឋអាម៉េរិក កិច្ចសហប្រតិបត្តិការជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ដែលមានតែឈ្នះ-ឈ្នះ ទើបអាចឆ្ពោះទៅកាន់អនាគតកាន់តែល្អប្រសើរឡើង។ គោលជំហររបស់ចិន គឺច្បាស់លាស់ ជាប់រហូត និងម៉ឺងម៉ាត់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner