ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយករណីបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី ដោយផ្ដាច់ជីវិតយោធារុស្ស៊ី១៥នាក់
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ទិន្នន័យរបស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បានបង្ហាញយ៉ាងច្បាស់ថា អ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី ដោយភ័ន្ដច្រឡំពីសំណាក់កងទ័ពអាកាសស៊ីរី។
ការអះអាងបែបនេះ គឺធ្វើឡើងដោយផ្អែកលើទិន្នន័យថតជាប់ដោយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលដំឡើងនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី ខេមមីម ក្នុងខេត្តឡាតាគា ប្រទេសស៊ីរី ក៏ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងទៀតថា កងទ័ពអាកាសស៊ីរីបានច្រឡំដៃបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី អាយអាយ-20 គឺដោយសារតែយន្ដហោះចម្បាំងអ៊ីស្រាអែល F-16 ពួននៅពីក្រោយយន្ដហោះយោធាមួយនេះ នៅអំឡុងពេលដែលខ្លួនកំពុងធ្វើប្រតិបត្តិការវាយឆ្មក់ប្រឆាំងនឹងមូលដ្ឋានទ័ពស៊ីរី។