ប្រធានាធិបតីវៀតណាម ទទួលមរណៈភាពហើយ ក្នុងវ័យ៦១ឆ្នាំ នៅឯមន្ទីរពេទ្យយោធា១០៨ ក្នុងទីក្រុងហាណូយ
វៀតណាម៖ ប្រទេសវៀតណាមកំពុងតែរៀបចំ ដើម្បីប្រារព្ធពិធីបុណ្យសពជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន គឺលោកប្រធានាធិបតី ត្រាន ដៃក្វាង ដែលទើបទទួលមរណភាពកាលពីព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែបើតាមការរំលឹកប្រវត្តិបន្តិចនោះ នៅរយៈពេលពីរថ្ងៃមុនលោក ត្រាន ទទួលមរណភាព រូបលោកនៅតែបានបំពេញភារកិច្ចដដែលក្នុងនាមជាប្រធានាធិបតី ប៉ុន្តែនៅក្នុងអការៈទ្រុឌទ្រោម។
ស្របពេលប្រភេទនៃជំងឺធ្ងន់ធ្ងរ ដែលបានធ្វើឲ្យប្រធានាធិបតីវៀតណាមរូបនេះទទួលមរណភាព មិនទាន់ត្រូវបានរដ្ឋាភិបាលវៀតណាមបញ្ជាក់ជាផ្លូវការនោះប្រភពព័ត៌មាននានាបានសន្និដ្ឋានថា លោក ត្រាន បានធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗ ហើយទទួលការព្យាបាលបន្ទាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ទើបលោកទទួលមរណភាពនៅម៉ោង១០និង០៥នាទីព្រឹកថ្ងៃសុក្រនេះ ក្នុងវ័យ៦១ឆ្នាំ នៅឯមន្ទីរពេទ្យយោធា ១០៨ក្នុងទីក្រុងហាណូយ បន្ទាប់ពីក្រុមគ្រូពេទ្យជាតិ-អន្តរជាតិ និងសាស្ត្រាចារ្យ ពេទ្យជាច្រើនរូបបានព្យាយាមយ៉ាងអស់ពីសមត្ថភាព ។
សូមរំលឹកថា លោក ត្រាន ដៃក្វាង បានឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាមកាលពីខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកកាន់តំណែងនៅក្នុងក្រសួងសន្តិសុខសាធារណវៀតណាមអស់រាប់ទសវត្សរ៍ ។ រយៈពេលជាងពីរឆ្នាំមកនេះ លោក ត្រាន បានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងនាមជាថ្នាក់ជាន់ខ្ពស់មួយរូបក្នុងចំណោមបីរូប ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗអន្តរជាតិមកកាន់ប្រទេសវៀតណាម និងបានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតាមបណ្តាប្រទេសជាមិត្តរបស់វៀតណាមជាច្រើន ដែលជាការលើកស្ទួយមុខមាត់ប្រទេសអាស៊ានមួយនេះ នៅលើឆាកអន្តរជាតិ ៕