ចំនួនអ្នកស្លាប់កើនដល់១៥នាក់ និង៥០នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍បំណាក់ដីដ៏អាក្រក់នៅភាគកណ្តាលប្រទេសហ្វីលីពីន

ហ្វីលីពីន ៖ យោងតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា មនុស្ស១៥នាក់បាត់បង់ជីវិត និងច្រើនជាង៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះបំណាក់ដីសង្កត់ពីលើលំនៅដ្ឋានប្រជាជនរស់នៅក្នុងទីក្រុងណាហ្គា ខេត្តស៊ីប៊ូ ភាគកណ្តាលប្រទេស។

អាជ្ញាធរក្នុងតំបន់ និងសាក្សីបានឱ្យដឹងថា គ្រោះបំណាក់ដីនេះ បានកើតឡើងនៅម៉ោងប្រមាណ៦ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងអស់ជាច្រើននៅក្នុងភូមិ ណាអាឡេដ និងទីណាអាន ហើយបើតាមសេចក្តីរាយការណ៍ជំហានដំបូងនោះ យ៉ាងហោចណាស់មានលំនៅដ្ឋានប្រជាជនចំនួន១០ខ្នងត្រូវកប់ក្រោមល្បាប់ភក់។ ប៉ូលិសបាននិយាយថា ចំនួនលំនៅដ្ឋានដែលរងការខូចខាតអាចនឹងត្រូវបន្តកើនដល់៣៥ខ្នងឯណោះ។

ជាមួយគ្នានេះ ជម្រកស្នាក់នៅបណ្តោះអាសន្នច្រើនជាង១,០០០កន្លែងក៏ត្រូវបានគេត្រៀមរួចរាល់ហើយដែរ ដើម្បីជម្លៀសខ្លួនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ជុំវិញហេតុការណ៍បំណាក់ដីនេះដែរ អាជ្ញាធរហ្វីលីពីនបានអះអាងថា ប្រជាជនក្នុងតំបន់ធ្លាប់ត្រូវបានទទួលការព្រមានឲ្យជម្លៀសខ្លួនជាបន្ទាន់ ដោយផ្អែកលើស្ថានភាពមិនប្រក្រតី ដែលអាចនឹងបង្កជាគ្រោះបាក់ដី ប៉ុន្តែពួកគេមិនបានអើពើនឹងព្រមាននេះនោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner