សារព័ត៌មានសហរដ្ឋអាម៉េរិកចុះផ្សាយថា ករណីវាយប្រហាររបស់ក្រុមភេវរករបានថយចុះ២៣ភាគរយកាលពីឆ្នាំ២០១៧

សហរដ្ឋអាម៉េរិក ៖ ក្រសួងការបរទេសអាម៉េរិកបានរាយការណ៍ពីការថយចុះច្រើនជាង២០ភាគរយនៃចំនួនករណីវាយប្រហារដោយភេវរកម្មនៅទូទាំងពិភពលោកកាលពីឆ្នំា២០១៧។ ក្រសួងបរទេសអាម៉េរិកបានបញ្ចេញរបាយការណ៍ប្រចំាឆ្នំារបស់ខ្លួនស្តីពីអំពើភេវរកម្មសកលលោកកាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ចំនួនមនុស្សស្លាប់ដោយសារករណីវាយប្រហារដោយអំពើភេវរកម្មក៏បានធ្លាក់ចុះ២៧ភាគរយផងដែរ គឺនៅត្រឹមចំនួន១៨,៧៥៣នាក់។

កត្តាសំខាន់នៅពីក្រោយការធ្លាក់ចុះនេះ គឺបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងពាក់ព័ន្ធនឹងករណីវាយប្រហារពីសំណាក់ក្រុមភេវរករនៅក្នុងប្រទេសអ៊ីរ៉ាក់។ របាយការណ៍នេះ ក៏បានលើកឡើងពីការកើនឡើងយ៉ាងធំក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លំាងចម្រុះពិភពលោក ក្នុងការប្រយុទ្ធប្រឆំាងនឹងពួកឧទ្ទាមរដ្ឋអ៊ីស្លាម និងអង្គការភេវរករដទៃទៀត។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាម៉េរិកនេះទៀតសោត ក៏បានចោទប្រកាន់កូរ៉េខាងជើងផងដែរថា បានផ្តល់ការគាំទ្រម្តងហើយម្តងទៀតចំពោះអំពើភេវរកម្មអន្តរជាតិ ដោយបានលើកឡើងពីការចាប់ខ្លួនជនជាតិជប៉ុន។ មិនតែប៉ុណ្ណោះ កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានហៅប្រទេសកូរ៉េខាងជើងថា ជារដ្ឋគាំទ្រអំពើភេវរកម្ម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner