មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ពិភាក្សាទ្វេភាគីស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី
រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានធ្វើកិច្ចពិភាក្សាគ្នាទ្វេភាគីតាមទូរសព្ទ ដោយផ្តោតសំខាន់លើកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងរុស្ស៊ី និងតួកគី សម្រាប់ខេត្តអ៊ីដលីប របស់ស៊ីរី ដែលជាទីតាំងដ៏រឹងមំាចុងក្រោយរបស់ពួកឧទ្ទាមនៅប្រទេសមជ្ឈិមបូព៌ាមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន វិមានក្រឹមឡំាងនៅថ្ងៃពុធសប្តាហ៍នេះបានលើកឡើងថា កិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំប្រទេសទាំងពីរ ត្រូវបានស្នើឡើងដោយភាគីអាល្លឺម៉ង់ ដើម្បីជជែកពិភាក្សាលើដំណោះស្រាយស្វែងរកសន្តិសុខនៅស៊ីរី ក្នុងអំឡុងពេលដែលលោក ពូទីន បានជូនដំណឹងដល់លោកស្រី មឺហ្គែល អំពីកិច្ចព្រមព្រៀងរវាងទីក្រុងម៉ូស្គូ និងអង់ការ៉ា ដែលមានគោលបំណងលើកកម្ពស់ស្ថេរភាពនៅក្នុងខេត្តអ៊ីដលីប។ ជាមួយគ្នានេះ លោក ពូទីន និងលោកស្រី មឺហ្គែល បានអះអាងជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន ដោយមេដឹកនាំទំាងពីរថែមទំាងពិភាក្សាគ្នាផងដែរ ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួននៅលើទីផ្សារហិរញ្ញវត្ថុសកល។
សូមរំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ រុស្ស៊ី និងតួកគីបានសម្រេចបង្កើតតំបន់គ្មានយោធាមួយរវាងក្រុមប្រឆំាងប្រដាប់អាវុធ និងកងកម្លំាងរដ្ឋាភិបាលស៊ីរីនៅខេត្តអ៊ីដលីប នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ បន្ទាប់ពីមានការជជែកគ្នារវាងប្រធានាធិបតីនៃប្រទេសទាំងពីរ៕