លោក ដូណាល់ ត្រាំ កំពុងពិចារណាក្នុងការដាក់ពង្រាយមូលដ្ឋានយោធាអាម៉េរិកជាអចិន្ត្រៃយ៍នៅលើទឹកដីប្រទេសប៉ូឡូញ
សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកកំពុងពិចារណាលើសំណើរបស់ប៉ូឡូញ សម្រាប់ការសុំឱ្យមានវត្តមានមូលដ្ឋានយោធាអាម៉េរិកជាអចិន្រ្តៃយ៍នៅក្នុងប្រទេសជាសមាជិកអង្គការណាតូ ខណៈខាងភាគីប៉ូឡូញទទួលស្គាល់ថា ខ្លួនមានក្តីព្រួយបារម្ភខ្ពស់ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានស្នើសុំឱ្យលោក ដូណាល់ ត្រាំ ដាក់ពង្រាយមូលដ្ឋានយោធាអាម៉េរិកជាអចិន្រ្តៃយ៍មួយ ហើយថែមទាំងដាក់ឈ្មោះមូលដ្ឋាននោះថា Fort Trump ដោយលោក Duda បានពន្យល់ថា ចំណាត់ការនេះ នឹងអាចប្រឆំាងទប់ទល់ទៅនឹងអ្វីដែលលោកចាត់ទុកថា ជាការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី ខណៈសំណើនេះ ធ្វើឡើងក្នុងអំឡុងមេដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅសេតវិមាន។
ជាការឆ្លើយតប លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា រូបលោកឯកភាពជាមួយលោក Duda ថា ទីក្រុងម៉ូស្គូពិតជាបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងតំបន់ ហើយថា សំណើមួយនេះ កំពុងស្ថិតក្រោមការពិចារណា ដោយលោក ត្រាំ ថែមទាំងបានស្នើឱ្យលោក Duda ត្រូវចំណាយប្រាក់ជាង២ពាន់លានដុល្លារ សម្រាប់ការបង្កើតគម្រោងនោះ៕