មនុស្ស៨នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយលេចធ្លាយសារធាតុគីមីនៅសណ្ឋាគារមួយក្នុងទីក្រុងស៊ីតនី ប្រទេសអូស្ត្រាលី

អូស្ត្រាលី ៖ ហេតុការណ៍លេចធ្លាយសារធាតុគីមីមួយនៅឯសណ្ឋាគារដ៏ប្រណិតមួយកន្លែងក្នុងទីក្រុងស៊ីតនី កាលពីថ្ងៃពុធសប្តាហ៍នេះ បានធ្វើឱ្យមនុស្ស៨នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ ហើយជនរងគ្រោះ២៤នាក់ ទៀតត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។

បើតាមប្រភពពីសាក្សីបានប្រាប់អ្នកយកព័ត៌មានថា ភ្ញៀវនៅឯសណ្ឋាគារ Pullman Sydney Hyde Park ត្រូវបានគេព្យាបាលសម្រាប់ជំងឺរលាកភ្នែក និងបញ្ហាផ្លូវដង្ហើម។ ថ្វីបើមានការភ័យស្លន់ស្លោក៏ដោយ សាក្សីសុំមិនបញ្ចេញឈ្មោះរូបនេះបានអះអាងថា គ្រប់គ្នាដែលទទួលការព្យាបាលនោះ ឥឡូវនេះមានស្ថានភាពប្រសើរហើយ។

ទន្ទឹមគ្នានោះដែរ រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង និងក្រុមពន្លត់អគ្គិភ័យ១៦នាក់ត្រូវបានបញ្ជូនទៅកាន់ទីតំាងកើតហេតុភ្លាមៗ ដើម្បីចេញប្រតិបត្តិការជួយសង្គ្រោះនៅជាន់ទី២០ ២១ និង២២នៃអគារ នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានករណីលេចធ្លាយសារធាតុគីមីមួយត្រូវបានគេរកឃើញ។

ដោយឡែកមន្រ្តីប៉ូលិសបានឲ្យ អ្នកថ្មើរជើង និងអ្នកបើកបរម៉ូតូគេចចេញពីតំបន់នេះ បើទោះមិនមានការគំរាមកំហែងជាបន្តបន្ទាប់ដល់សាធារណៈជននៅពេលនេះក៏ដោយ ខណៈការស៊ើបអង្កេតរកមូលហេតុកំពុងធ្វើឡើង ហើយបើតាមប្រភពពីក្រុមសាក្សីនោះ ហេតុការណ៍នេះបានកើតឡើងនៅបរិវេណហាងទឹក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner