ប្រធានាធិបតីចិនសន្យារឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយប៉ាគីស្ថាន

ចិន៖ ចិន និងប៉ាគីស្ថានគឺជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងជាមិត្តភក្តិដ៏ស្មោះត្រង់។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានកត់សម្គាល់បែបនេះ ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Qamar Javed Bajwa នៅក្នុងរដ្ឋធានីប៉េកំាង។

ឆ្លៀតឱកាសនោះដែរ លោក ស៊ី ជិនពីង បានស្នើសុំឱ្យលោក Bajwa នាំយកការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកប្រធានាធិបតីប៉ាគីស្ថាន Arif Alvi និងលោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Imran Khan ផងដែរ ដោយលោក ស៊ី ថែមទំាង បានថ្លែងការកោតសរសើរដល់គាំទ្ររបស់ប៉ាគីស្ថាន ចំពោះគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ព្រមទាំងច្រករបៀងសេដ្ឋកិច្ចរវាងចិន និងប៉ាគីស្ថាន។

ជាមួយគ្នានេះ លោក Bajwa បាននិយាយថា ប៉ាគីស្ថានតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរជាអាទិភាពមួយ ហើយថា ប៉ាគីស្ថាននឹងនៅតែបន្តគាំទ្រលើគម្រោងផ្លូវមួយខ្សែក្រវាត់មួយ និងតែងតែរក្សាគោលជំហររួមគ្នាជាមួយចិន លើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក មិនថាស្ថានការណ៍ផ្លាស់ប្តូរបែបណា។

មេបញ្ជាការកងទ័ពប៉ាគីស្ថានរូបនេះ ថែមទាំងបានថ្លែងអំណរគុណដល់ការផ្តល់ជំនួយរបស់ចិនដល់ប៉ាគីស្ថានលើគ្រប់ទិដ្ឋភាពទាំងអស់ ហើយថា ប៉ាគីស្ថាននឹងប្តេជ្ញារឹតបន្តឹងការទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការផ្លាស់ប្តូរការអនុវត្ត ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មជាមួយមន្រ្តីយោធាចិន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner