នាយករដ្ឋមន្រ្តីចិនអះអាងថា ខ្លួនមិនប្រើរូបិយប័ណ្ណជាអាវុធនៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ សង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិកកាន់តែតានតឹងខ្លាំងហើយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា ខ្លួននឹងមិនប្រើរូបិយប័ណ្ណជាអាវុធក្នុងសង្រ្គាមមួយនេះនោះឡើយ។ នាយករដ្ឋមន្រ្តីចិនលោក លី កឺឈៀង បាននិយាយប្រាប់ក្រុមប្រតិបត្តិសកល និងក្រុមអ្នកសម្រេចគម្រោងការនយោបាយថា ប្រទេសចិននឹងមិនបញ្ចុះតម្លៃប្រាក់យ័ន ដើម្បីពង្រឹងដល់ពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោកនោះទេ។
នាយករដ្ឋមន្រ្តីចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសលោកនឹងមិនដើរចុះតាមផ្លូវជំរុញការនាំចេញ តាមរយៈការបញ្ចុះតម្លៃរូបិយប័ណ្ណជាដាច់ខាត។ សេចក្តីអធិប្បាយរបស់លោក លី កឺឈៀង នាយករដ្ឋមន្រ្តីចិន បានកើតមានឡើង ក្រោយពេលសហរដ្ឋអាម៉េរិក និងចិនប្រកាសថា ពួកគេនឹងប្រកាសសងសឹកដំឡើងតម្លៃពន្ធនៅជុំធំបំផុតរបស់ពួកគេ ទៅលើការនាំចេញដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ៕