ប្រធានាធិបតីសហរដ្ឋអាម៉េរិកសាទរចំពោះលទ្ធផលវិជ្ជមានជាច្រើនក្នុងជំនួបកំពូលនៃប្រមុខដឹកនាំកូរ៉េទាំងពីរ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារសម្តែងពីការត្រេកអរ និងសាទរភ្លាមៗ ចំពោះសេចក្តីថ្លែងការណ៍រួមនៃរដ្ឋាភិបាលកូរ៉េខាងជើង និងខាងត្បូង ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក មូន ជែអ៊ីន នៅរដ្ឋធានីព្យុងយ៉ាង។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ថុញខាន់នី ចោលទាំងស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យ៉ុនប្យុន។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានយល់ព្រមដកកងទ័ពរៀងៗខ្លួន ចេញពីតំបន់ព្រំដែនគ្មានយោធា ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិ ផាន់ម៉ុនចុម តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និងសមុទ្រជប៉ុន ។
ជាចុងក្រោយទីក្រុងសេអ៊ូល និងព្យុងយ៉ាង ក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមានថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែលសហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ៕ម.ន