លោក ដូណាល់ ត្រាំ ជំរុញឱ្យចាប់ខ្លួនអ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ខ្ញុំបានអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធចាប់ខ្លួនអ្នកទាំងឡាយណា ដែលបំផ្លាញរាល់រូបសំណាក ឬបូជនីយដ្ឋាននានា រួមទាំងទ្រព្យសម្បតិ្តសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ដោយពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ ដោយយោងទៅតាមច្បាប់អភិរក្សអនុស្សាវរីយ៍របស់អតីតយុទ្ធជន (Veteran’s Memorial Preservation Act) នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។

ការព្រមាននៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារម្សិលមិញរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ កើតមានឡើងក្រោយប៉ូលិសអាមេរិកបានព្យាយាមរារាំងមនុស្សមួយក្រុមមិនឱ្យបំផ្លាញ និង រំលំរូបសំណាកអតីតប្រធានាធិបតីអាមេរិក លោក Andrew Jackson ស្ថិតនៅខាងក្រៅសេតវិមានកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។

បាតុកម្មតវ៉ានៅទូទាំងសហរដ្ឋអាមេរិកបានផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែឧសភាមកម្លេះ ពោលគឺបន្ទាប់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ត្រូវបានប៉ូលិសក្នុងទីក្រុងមីននាផូលីស រដ្ឋមីនសូតា យកជង្គង់សង្កត់ករហូតដល់ស្លាប់ ។

ក្រោយមក បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បានរាលដាលដល់ ប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅអឺរ៉ុប ជាទីដែលរូបសំណាក ឬបូជនីយដ្ឋាននានា ដែលមានជាប់ពាក់ព័ន្ធនឹងទាសភាព និងអាណានិគម បានក្លាយជាគោលដៅរបស់ក្រុមបាតុករ ដោយពួកគេទាមទារឱ្យដក ឬបំផ្លាញរូបសំណាកទាំងនេះចោល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner