មីជាតិនាំយកសម្ភារៈបច្ចេកទេស និងស្បៀងអាហារជូនកងកម្លាំងសង្គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ដែលឈរជើងក្នុងភូមិសាស្ត្រខណ្ឌដង្កោ
ភ្នំពេញ៖ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បាននាំយកសម្ភារៈសង្គ្រោះ ថ្នាំសង្កូវ សម្ភារៈបច្ចេកទេស និងស្បៀងអាហារជាច្រើនជូនដល់កងកម្លាំងសង្គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ដែលឈរជើងក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក ហុង សុវណ្ណ តំណាងក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានមានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់កងកម្លាំងសង្គ្រោះ មីជាតិបានរៀបចំបន្ទាន់នូវសម្ភារៈបច្ចេកទេស និងស្បៀងអាហារជាច្រើន ដើម្បីចូលរួមសម្រួលដល់ប្រតិបត្តិការសង្គ្រោះ របស់កងកម្លាំង ក្នុងស្ថានភាពគ្រោះជំនន់ទឹកភ្លៀងដ៏រហ័សនាពេលបច្ចុប្បន្ននេះ ។
លោកបន្ដ ថា អំណោយទាំងនេះ គឺកើតចេញពីមូលនិធីមីជាតិ ដែលទទួលបានពីការគាំទ្រពីអតិថិជន និងការលើកទឹកចិត្តយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា គឺមានន័យថា ក្រុមហ៊ុនបានដកយកថវិកាមួយផ្នែកដែលបានពីការលក់មីជាតិ ដើម្បីចូលរួមជាមួយសង្គមក្រោមគោលការណ៍ «ខ្មែរ ដើម្បីខ្មែរ» ។ លោក ហុង សុវណ្ណ បន្ថែមទៀតថា សកម្មភាពរបស់មីជាតិនៅថ្ងៃនេះមិនមែនជាលើកទី១ទេ ដែលមីជាតិចូលរួមក្នុងសកម្មភាពសង្គម ដែលកន្លងមកមីជាតិក៏ធ្លាប់បានរៀបចំសកម្មភាពជាច្រើន ដូចជាការផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រក្នុងរាជធានី-ខេត្ត និងការឧបត្ថម្ភបរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានាផងដែរ ។
ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការអង្គភាពសង្គ្រោះ៧១១ ដែលកំពុងមានវត្ត មាននៅកន្លែងសង្គ្រោះបានបញ្ជាក់ថា ការផ្តល់ជូនសម្ភារៈបច្ចេកទេស ទូកសង្គ្រោះ គ្រឿងឧបភោគ បរិភោគរបស់ក្រុមហ៊ុនមីជាតិនេះ គឺជាកាយវិការសប្បុរសធម៌ដ៏ប្រពៃ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់វិស័យឯកជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលតម្រូវការចំពោះមុខរបស់កងកម្លាំង ដែលកំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងផលប៉ះពាល់ពីការជន់លិចដោយសារជំនន់ទឹកភ្លៀង ។
សូមជំរាបថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានឧបត្ថម្ភជាសម្ភារៈចំបាច់សម្រាប់ក្រុមប្រតិបត្តិការសង្គ្រោះ រួមមាន ទូក អាវភ្លៀង អង្រឹង ពិល ថ្នាំសង្កូវរាប់រយបន្ទះ មីជាតិ ទឹកពិសាវីតាល់ និងគ្រឿងឧបភោគ បរិភោគជាច្រើនកញ្ចប់ ជូនដល់កងកម្លាំងដែលឈរជើងក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មីជាតិជឿជាក់ថា សកម្មភាពសប្បុរសធម៌នេះ នឹងបានរួមចំណែកសម្រាលការលំបាករបស់កងកម្លាំង ដែលកំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកនេះ ៕







