ជាង៣១ម៉ឺននាក់រងផលប៉ះពាល់ និង២៥នាក់ស្លាប់ដោយសារជំនន់ទឹកភ្លៀង
ប្រជាពលរដ្ឋជាង៣១ម៉ឺននាក់បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងមនុស្សស្លាប់ដោយសារលង់ទឹកកើនឡើង២៥នាក់។យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថាចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧ម៉ឺន៨ពាន់៥៦គ្រួសារ ស្មើប្រមាណ៣១ម៉ឺន២ពាន់២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថាជំនន់ទឹកភ្លៀងបានប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង ស្រុក ខណ្ឌរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។ របាយការណ៍បានបន្តថា ប៉ះពាល់ប្រជាជនប្រមាណ ៧ម៉ឺន៨ពាន់៥៦គ្រួសារ ស្មើប្រមាណ ៣១ម៉ឺន២ពាន់២២៤នាក់, ប្រជាជនជម្លៀសប្រមាណ ៩ពាន់៣៤៩គ្រួសារ ស្មើប្រមាណ ៣ម៉ឺន៧ពាន់៣៩៦នាក់,ប្រជាជនស្លាប់២៥នាក់,ផ្ទះប៉ះពាល់ប្រមាណ ៧ម៉ឺន៣ពាន់៧២០ខ្នង និងខូចខាត ៥៦ខ្នង,សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង, ស្រូវលិចទឹកប្រមាណ ២១ម៉ឺន៣ពាន់២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧ម៉ឺន៩ពាន់៨៨៨ហិកតា,ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ,ផ្លូវលំជនបទលិចទឹកប្រមាណ ១ពាន់៤៦៧ គីឡូម៉ែត្រ, ទំនប់ ប៉ះពាល់ប្រមាណ ២៤ គីឡូម៉ែត្រ,ប្រឡាយមេ ប៉ះពាល់ប្រមាណ ១៩៧.៣ គីឡូម៉ែត្រ,ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១.៦ គីឡូម៉ែត្រ, និង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥.៩ គីឡូម៉ែត្រ៕

។។។។



