នាយករដ្ឋមន្ត្រីជប៉ុនទៅវៀតណាម លេចចេញកិច្ចព្រមព្រៀងបញ្ជូនអាវុធ និងបច្ចេកវិទ្យា
ជប៉ុននិងវៀតណាមបានព្រមព្រៀមគ្នា នៅថ្ងៃចន្ទ ទី១៩ តុលានេះថា នឹងពង្រឹងចំណងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច រួមមានទាំងកិច្ចព្រមព្រៀងស្តីពីការនាំចេញបច្ចេកវិទ្យានិងឧបករណ៍យោធាទៅវៀតណាមទៀតផង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។
ផ្អែកតាមប្រភព នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយកិច្ចប្រជុំជាមួយសមភាគីវៀតណាម Nguyen Xuan Phuc ថា «វាគឺជាជំហានធំមួយ ក្នុងវិស័យសន្តិសុខសម្រាប់ប្រទេសទាំងពីរដែលពួកយើងបានឈានដល់កិច្ចព្រមព្រៀង ជាគោលការណ៍ លើការបញ្ជូនបច្ចេកវិទ្យា និងឧបករណ៍ការពារជាតិ»។
លោក Suga បន្ថែមទៀតថា វៀតណាមដែលធ្វើជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២០នេះ គឺជាកូនសោរគន្លឹះបង្ហាញពីភាពសេរីនិងការបើកចំហរ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា ការព្រមព្រៀងនេះធ្វើឡើង ស្របពេលដែលលោកនាយករដ្ឋមន្ត្រីជប៉ុន ទើបឡើងកាន់តំណែងថ្មី ជំនួសលោកអាបេ រូបនេះកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម។ បន្ទាប់ពីវៀតណាម លោក Yoshihide Suga គ្រោងនឹងបន្តទស្សនកិច្ចនៅឥណ្ឌូនេស៊ី ៕