ចិនខឹងសម្បារជាខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ហៅជម្ងឺ COVID-19 ថា ជាវីរុស “Kung Flu”
ចិន៖ ប្រទេសចិនបានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្រឆាំងរបស់ខ្លួន នៅថ្ងៃចន្ទម្សិលមិញ ចំពោះការប្រើភាសាម៉ាកងាយពាក់ព័ន្ធនឹងជម្ងឺ COVID-19 បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានហៅមេរោគនេះថា ជាវីរុស “Kung flu” នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។
បើតាមកាសែត The Hill អ្នកនាំពាក្យសេតវិមានលោកស្រី ខេឡេ ម៉ាកអេនណាន់នី បានការពារពាក្យ «Kung Flu» ដែលលោក ដូណាល់ ត្រាំ ប្រើដើម្បីហៅវីរុស COVID-19 ថា ភាសានេះមិនមែនជាពាក្យរើសអើងពូជសាសន៍ឡើយ ។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ពាក្យនេះគឺមានបំណងសំដៅទៅប្រភពដើមនៃវីរុស ហើយវាក៏មិនមែនជាពាក្យដែលមានន័យត្រគោះបោះបោកដែរ ។
សូមបញ្ជាក់ថា ចាប់តាំងពីការរីកសាយជម្ងឺ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅវីរុសនេះថា ជា «វីរុសចិន» ឬ «Kung Flu» ដែលមានសូរសៀងស្រដៀងនឹងភាសាចិន ។ បន្ថែមលើនេះ លោក ត្រាំ ថែមទាំងបានស្ដីបន្ទោសចិនថា គ្រប់គ្រងការផ្ទុះមិនបានល្អ ទើបសហរដ្ឋអាម៉េរិកមានករណីឆ្លងដ៏ច្រើនបែបនេះ ៕